ព័ត៌មានអន្តរជាតិ

រុស្ស៊ី រិះគន់ សហរដ្ឋអាមេរិក ជុំវិញការគម្រាមបង្កើន ការប្រឈមមុខ ជាមួយអ៊ីរ៉ង់ នៅទីភ្នាក់ងារ IAEA

បរទេស៖ ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ បានធ្វើការរិះគន់សហរដ្ឋអាមេរិក ចំពោះការគម្រាមបង្កើនការប្រឈមមុខផ្នែកការទូត ជាមួយប្រទេសអ៊ីរ៉ង់ នៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិនៅខែក្រោយ ប្រសិនបើមិនធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការជាមួយទីភ្នាក់ងារនោះទេ និងនិយាយថា វាបង្កការប៉ះពាល់ ដល់កិច្ចពិភាក្សាកាន់តែទូលាយឡើង ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។ 

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានគម្រាមធ្វើការប្រឈមមុខ នឹងប្រទេសអ៊ីរ៉ង់ នៅទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA ប្រសិនបើមិនដោះស្រាយជម្លោះយ៉ាងតិចមួយ ជាមួយនឹងទីភ្នាក់ងារអង្គការ សហប្រជាជាតិនេះ ជាពិសេសនោះ គឺការបដិសេធមិនឲ្យទីភ្នាក់ងារនេះដំឡើងកាម៉េរ៉ាសុវត្ថិភាពជាថ្មី នៅក្នុងទីតាំងនុយក្លេអ៊ែ ក្រោយមានការវាយប្រហារមួយ។ 

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីភ្នាក់ងារ IAEA លោក Mikhail Ulyanov បាននិយាយប្រាប់សន្និសីទកាសែតមួយជាមួយសមភាគីចិន របស់លោកថា “ខ្ញុំជឿថានោះបង្ហាញថា សមភាគីសហរដ្ឋអាមេរិករបស់យើង អស់ភាពអត់ធ្មត់ ប៉ុន្តែខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាចាំបាច់ ត្រូវគ្រប់គ្រងអារម្មណ៍របស់យើង”។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីភ្នាក់ងារ IAEA នេះ បានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំមិនស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ ជាក់លាក់បែបនេះរបស់គណៈប្រតិភូអាមេរិក (នៅទីភ្នាក់ងារ IAEA) នោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top