ព័ត៌មានអន្តរជាតិ

ប្រធាននុយក្លេអ៊ែអ៊ីរ៉ង់៖ កិច្ចពិភាក្សានៅទីក្រុងវីយែន នឹងស្តីពីការវិលត្រឡប់ របស់អាមេរិក មកកាន់កិច្ចព្រមព្រៀង ឆ្នាំ២០១៥

បរទេស៖ ប្រធានអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បាននិយាយនៅពេលថ្មីៗនេះថា កិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងវីយែន នាសប្ដាហ៍ក្រោយនេះ នឹងនិយាយស្តីពីការវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នឹងត្រូវបន្តកិច្ចចរចាគ្នាដោយប្រយោល នៅក្នុងក្រុងវីយែន ដែលបានផ្អាកចោលចាប់តាំងពីខែមិថុនាមក។ 

ផ្ទាំងពាណិជ្ជកម្ម

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលលោកកាន់តំណែង បានបញ្ជាដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងរវាងអ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោក និងបានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីម្តងទៀត លើប្រទេសអ៊ីរ៉ង់ នៅក្នុងឆ្នាំ២០១៨។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគម្រាមបង្កើនការប្រឈមមុខ ជាមួយអ៊ីរ៉ង់ នៅក្នុងទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិនាខែក្រោយ ប្រសិនបើអ៊ីរ៉ង់មិនសហការបន្ថែម ជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែអន្តរជាតិនេះទេ ហើយនេះជាការបង្កើនការប្រឈមមុខ អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចពិភាក្សាស្តារកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង 

To Top
×