ព័ត៌មានអន្តរជាតិ

អ៊ីតាលី រកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ជាលើកដំបូង

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា វីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លងត្រូវបានរកឃើញនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ។

ទីភ្នាក់ងារ ANSA បានរាយការណ៍ថា អ្នកជំងឺដែលជាបុគ្គលិកនៅក្រុមហ៊ុនអន្តរជាតិមួយ “បានចាក់វ៉ាក់សាំងចំនួន២ដូស” ។

កាលពីថ្ងៃអាទិត្យ តំបន់ Campania បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រជាពលរដ្ឋម្នាក់ដែលត្រឡប់មកពីអាហ្វ្រិកខាងត្បូង បានធ្វើតេស្តវិជ្ជមានដូចក្រុមគ្រួសាររបស់គាត់ដែលមានមនុស្ស៥នាក់ដែរ… ទំនាក់ទំនងរបស់គាត់ទាំងអស់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗជាវិធានការប្រុងប្រយ័ត្ន” ។

វិទ្យាស្ថានសុខភាពជាតិបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា “ហ្សែនត្រូវបានចាត់ថ្នាក់នៅ … មន្ទីរពេទ្យ Sacco ក្នុងទីក្រុង Milan ពីសំណាកវិជ្ជមានដែលយកពីបុគ្គលម្នាក់មកពីប្រទេស ម៉ូហ្សាំប៊ិក ។

អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសកាលពីថ្ងៃសុក្រថា វីរុសបំប្លែងខ្លួនថ្មីចុងក្រោយបង្អស់ B.1.1.529 នៃ SARS-CoV-2 ជា “ការព្រួយបារម្ភ“ កម្រិតធ្ងន់ធ្ងរបំផុតរបស់វា ហើយបានដាក់ឈ្មោះជាផ្លូវការថា Omicron ជាភាសាក្រិច ។ WHO បានស្នើឱ្យប្រទេសនានាបង្កើនការឃ្លាំមើល និងកិច្ចខិតខំប្រឹងប្រែងជាលំដាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងបំប្លែងខ្លួនថ្មីមួយនេះ ។

គួររំលឹកថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក Roberto Speranza បានចុះហត្ថលេខាលើបម្រាមធ្វើដំណើរលើមនុស្សដែលបានទៅលេងអាហ្វ្រិកខាងត្បូង ឡេសូថូ បូស្វាណា ហ្ស៊ីមបាវ៉េ ម៉ូហ្សាំប៊ិក ណាមីប៊ី អេសវ៉ាទីនី និងម៉ាឡាវី ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top