ព័ត៌មានអន្តរជាតិ

បារាំង ជំរុញឲ្យអង់គ្លេស ទទួលខុសត្រូវលើ បញ្ហាជនចំណាកស្រុក ហើយថានឹងមិន ធ្វើជាចំណាប់ខ្មាំង លើគោលនយោបាយនេះទេ

ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានជំរុញឱ្យចក្រភពអង់គ្លេស “ទទួលយកការទទួល ខុសត្រូវរបស់ខ្លួន” លើជនចំណាកស្រុក ដោយលើកឡើងថា ប្រទេសបារាំងនឹងមិន “ធ្វើជាចំណាប់ខ្មាំងចំពោះ គោលនយោបាយក្នុងស្រុក របស់ចក្រភពអង់គ្លេស” នោះទេ។

លោក Darmanin បានលើកឡើងថា “យើងត្រូវតែធ្វើការជាមួយ មិត្តភក្តិអង់គ្លេសរបស់យើង។ ពួកគេត្រូវតែជួយយើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នករត់ពន្ធ” នេះបើយោងតាមកាសែតបារាំង Le Figaro ។

លោក Darmanin បានចោទប្រកាន់ចក្រភពអង់គ្លេស ពីការបិទផ្លូវច្បាប់ ចំពោះពាក្យសុំសិទ្ធិជ្រកកោន។ “នៅប្រទេសបារាំង មានការស្នើសុំសិទ្ធិជ្រកកោនចំនួន ១៥ម៉ឺននាក់ចាប់តាំងពីថ្ងៃទី០១ ខែមករា។ នៅអង់គ្លេស វាមានចំនួន ៣ម៉ឺននាល់”។

បន្ទាប់ពីការស្លាប់របស់ ជនចំណាកស្រុកយ៉ាងតិច ២៧នាក់ ដែលព្យាយាមឆ្លងឆានែល ដើម្បីទៅដល់ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ លោក Darmanin បានអំពាវនាវឱ្យមាន “ការប្រយុទ្ធកាន់តែខ្លាំងឡើង ប្រឆាំងនឹងអ្នករត់ពន្ធមនុស្ស” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា “ជនចំណាកស្រុក មិនគួរត្រូវបាន ទទួលទោសព្រហ្មទណ្ឌនោះទេ ប៉ុន្តែអ្នកដែលរៀបចំ ការផ្ទេរទាំងនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកើនឡើងនៃចំនួន ជនអន្តោប្រវេសន៍ខុសច្បាប់ បានធ្វើឱ្យមានការឆ្លងឆានែល ទៅកាន់ប្រទេសអង់គ្លេស នាពេលថ្មីៗនេះ។ សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្សជាង ១០០០នាក់ បានមកដល់ក្នុងរយៈពេល តែមួយថ្ងៃក្នុងខែវិច្ឆិកានេះ ជាលើកដំបូង ហើយមនុស្សជាង ២៥០០០នាក់ បានឆ្លងកាត់ប៉ុស្តិ៍នេះរហូត មកដល់ពេលនេះក្នុងឆ្នាំនេះ ៕

ដោយ ឈូក បូរ៉ា

To Top
×