បរទេស៖ សិស្សស្រីថ្នាក់ទី៩ម្នាក់ នៅសង្កាត់ Thuong Tin ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានស្លាប់មួយថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer លើកទីមួយ ហើយនាងក៏ជាក្មេងជំទង់ទីពីរដែលបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្មេងស្រីខាងលើបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងដើម្បីចាក់វ៉ាក់សាំងដល់អ្នកដែលមានអាយុក្រោម ១៨ឆ្នាំ ហើយនាងបានវិវត្តទៅជាគ្រុនក្តៅខ្លាំងនៅពេលយប់។ ក្រុមគ្រួសាររបស់នាងបានផ្តល់ថ្នាំគ្រុនក្តៅដល់នាងតែមិនបានផលសោះ។
លោក Nguyen Viet Binh មេឃុំ Nhi Khe បាននិយាយថា នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទូទៅស្រុក Thuong Tin ហើយភ្លាមៗនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Bach Mai ដែលជាកន្លែងព្យាបាលដ៏ធំបំផុតរបស់ទីក្រុងហាណូយ ប៉ុន្តែនាងបានស្លាប់នៅព្រឹកថ្ងៃអាទិត្យ។
លោក Vu Cao Cuong អនុប្រធានមន្ទីរសុខាភិបាលទីក្រុងបានប្រាប់ VnExpress នៅថ្ងៃច័ន្ទថា មូលហេតុនៃការស្លាប់របស់នាងមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ។ នាយកដ្ឋាននឹងពិនិត្យឡើងវិញនូវឧប្បត្តិហេតុចាក់វ៉ាក់សាំងនេះនៅក្នុងថ្ងៃនេះ៕ប្រែសម្រួលៈ ណៃ តុលា