ព័ត៌មានអន្តរជាតិ

មេដឹកនាំប៉ាឡេស្ទីន ព្រមានអ៊ីស្រាអែល កុំធ្វើឲ្យខូចចក្ខុវិស័យ ដំណោះស្រាយរដ្ឋពីរ

រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានព្រមាន អ៊ីស្រាអែល កុំឱ្យធ្វើឱ្យខូចចក្ខុវិស័យ នៃដំណោះស្រាយរដ្ឋពីរ ដែលត្រូវបានគាំទ្រ ដោយសហគមន៍អន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

លោក Abbas បានឲ្យដឹង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ការធ្វើឱ្យខូចដំណោះ ស្រាយរដ្ឋ ទាំងពីរនឹងជំរុញឱ្យក្រុមប្រឹក្សាកណ្តាល នៃអង្គការរំដោះប៉ាឡេស្ទីន ធ្វើការសម្រេចចិត្ត យ៉ាងម៉ឺងម៉ាត់” ។

ការព្រមាននេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី អ៊ីស្រាអែល បានអនុម័តការសាងសង់អង្គភាព តាំងទីលំនៅចំនួន ៣៧២ យូនីតនៅក្នុងទីក្រុង Hebron ភាគខាងត្បូងនៃតំបន់ West Bank នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអែល ។

លោកបានបន្ថែមថា ប៉ាឡេស្ទីន “នឹងមិនទទួលយកការបន្តកាន់កាប់ទឹកដី និងប្រជាជនប៉ាឡេស្ទីន ជារៀងរហូតនោះទេ”។

លោក Abbas បានលើកឡើងថា “ភាគីប៉ាឡេស្ទីន នៅតែពង្រីកដៃរបស់ខ្លួន ដើម្បីសម្រេចបានសន្តិភាព ដ៏ត្រឹមត្រូវ និងទូលំទូលាយ ស្របតាមដំណោះស្រាយរដ្ឋពីរ និងដំណោះស្រាយអន្តរជាតិ ក្រោមការឧបត្ថម្ភរបស់ Quartet អន្តរជាតិ”។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា “ការរំលោភសិទ្ធិរបស់ប៉ាឡេស្ទីនជាបន្តបន្ទាប់ រួមជាមួយនឹងការពង្រីក ការតាំងទីលំនៅ ហានិភ័យនឹងបំផ្លាញ ការរំពឹងទុកនៃដំណោះស្រាយរដ្ឋពីរ” ខណៈថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំប្រារព្ធទិវាសាមគ្គីភាព អន្តរជាតិជាមួយប៉ាឡេស្ទីន ៕
ដោយ ឈូក បូរ៉ា

To Top