ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក បញ្ជាឲ្យស៊ើបអង្កេតការ វាយប្រហារតាមអាកាសនៅស៊ីរី ដែលសម្លាប់មនុស្សជាច្រើននាក់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតមួយ ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី កាលពីឆ្នាំ២០១៩ ដែលជាលទ្ធផលបានបណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត។


លេខាធិការព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក លោក John Kirby បានប្រកាស ពីការចាប់ផ្តើមធ្វើការស៊ើបអង្កេតនោះ នៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនិយាយថា លោកឧត្តមសេនីយ៍ Michael Garrett ជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងទ័ពអាមេរិក ត្រូវបានជ្រើសរើសឲ្យដឹកនាំការត្រួតពិនិត្យស៊ើបអង្កេតនោះ។

ផ្ទាំងពាណិជ្ជកម្ម


តាមសេចក្តីរាយការណ៍ លោក John Kirby បាននិយាយបន្តថា លោក Michael Garrett នឹងមានរយៈពេល៩០ថ្ងៃ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញនូវរបាយការណ៍នៃការស៊ើបអង្កេតមួយ ដែលបានធ្វើរួចមកហើយចំពោះហេតុការណ៍ ក៏ដូចជាធ្វើការស៊ើបអង្កេតបន្ថែម ក្នុងការរកការពិតនិងកាលៈទេសពាក់ព័ន្ធនឹងហេតុការណ៍ដែលបានកើតឡើងនោះ។


គួរបញ្ជាក់ថា ការប្រកាសឲ្យធ្វើការស៊ើបអង្កេតនេះ គឺត្រូវបានធ្វើឡើង ក្រោយមានសេចក្តីរាយការណ៍មួយ ពីកាសែត The New York Times កាលពីដើមខែនេះ បានផ្តល់សេចក្តីលម្អិត ពីការដែលការវាយប្រហារតាមអាកាសរបស់អាមេរិក ទៅលើទីក្រុងស៊ីរីមួយ ឈ្មោះ Baghuz នៅក្នុងដំណើរប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានសម្លាប់ជនស៊ីវិលជាង៦០នាក់៕

ប្រែសម្រួល៖ប៉ាង កុង

To Top