ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការមិន​ពេញចិត្ត ចំពោះបារាំង លើដំណោះស្រាយ ស្ដីពីកោះតៃវ៉ាន់

ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសបារាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះដំណោះស្រាយដែល បានអនុម័តដោយរដ្ឋសភាបារាំង ស្តីពីតំបន់តៃវ៉ាន់ របស់ប្រទេសចិន។

ដំណោះស្រាយដែលបានអនុម័ត កាលពីថ្ងៃទី២៩ វិច្ឆិកា អំពាវនាវឲ្យរដ្ឋាភិបាលបារាំង គាំទ្រការចូលរួម របស់តៃវ៉ាន់ ក្នុងអង្គការអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យស្ថានទូតចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា “ដំណោះស្រាយដែលបំពាន យ៉ាងខ្លាំងលើគោលការណ៍ ចិនតែមួយ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន គឺជាសកម្មភាពលើកទឹកចិត្ត សម្រាប់កងកម្លាំងតស៊ូមតិទាមទារ ឯករាជ្យភាពតៃវ៉ាន់” ។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា “មានប្រទេសចិនតែមួយ នៅក្នុងពិភពលោក ហើយរដ្ឋាភិបាលនៃ សាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល។ តៃវ៉ាន់គឺជាផ្នែកដែលមិនអាច កាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ដែលជាការឯកភាពជាសកល ក្នុងចំណោមសហគមន៍អន្តរជាតិ”។

អ្នកនាំពាក្យបានបន្ដថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីខាងក្រៅ និងគ្មានកន្លែងសម្រាប់ចរចានោះទេ។

នៅឆ្នាំ១៩៧១ សម័យប្រជុំលើកទី២៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយមានសំឡេងភាគច្រើនលើសលប់ ហើយបានស្ដារឡើងវិញនូវសិទ្ធិទាំងអស់ របស់សាធារណៈរដ្ឋប្រជាមានិតចិន (PRC) នៅក្នុងស្ថាប័នពិភពលោក។

ដំណោះស្រាយនេះ បានដោះស្រាយបញ្ហាតំណាង អង្គការសហប្រជាជាតិរបស់ប្រទេសចិន ក្នុងលក្ខខណ្ឌនយោបាយ ច្បាប់ និងនីតិវិធីម្តង និងសម្រាប់ទាំងអស់គ្នា ៕

ដោយ ឈូក បូរ៉ា

To Top