ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ុយក្រែន៖ រុស្ស៊ី ពិតជានៅពីក្រោយការប៉ុនបង់ធ្វើរដ្ឋប្រហារ

បរទេស៖នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីពិតជានៅពីក្រោយអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងរៀបចំធ្វើរដ្ឋប្រហារមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវ នេះបើផ្អែកតាមការស៊ើបការណ៍សម្ងាត់។


លោក Denys Shmygal ដែលកំពុងស្ថិតនៅក្នុងទីក្រុងព្រួចសែល ដើម្បីជួយនិយាយគ្នាជាមួយមន្ត្រីសហភាពអឺរ៉ុប បានមានប្រសាសន៍ថា ស្មារតីរបស់ប្រទេសអ៊ុយក្រែន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប គឺជាហេតុផលដ៏ចម្បងមួយ ចំពោះអ្វីដែលលោកនិយាយថា ជាការឈ្លានពានរបស់រុស្ស៊ី ជាការវាយប្រហារ ជាការប្រមូលផ្តុំយោធានៅតាមព្រំដែន និងជាការយកតំបន់គ្រីមានដាក់ចូលជាឧបសម្ព័ន្ធនៅក្នុងឆ្នាំ២០១៤។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានទិន្នន័យសម្ងាត់ ដែលបង្ហាញពីចេតនាពិសេស (ដើម្បីធ្វើរដ្ឋប្រហារ)” ហើយនៅពេលត្រូវគេសួរថា តើប្រទេសរុស្ស៊ីនៅពីក្រោយវាឬនោះ លោកបានឆ្លើយតបថា “ពិតណាស់”។


គួរបញ្ជាក់ថា ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច ជួបប្រជុំគ្នាពិភាក្សាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែននោះ អង្គការណាតូនិងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនឹងបង់តម្លៃខ្ពស់ សម្រាប់ការឈ្លានពានយោធាថ្មីណាមួយទៅលើប្រទេសអ៊ុយក្រែន៕


ប្រែសម្រួល៖ប៉ាង កុង

To Top