ព័ត៌មានអន្តរជាតិ

រុស្ស៊ី ពេញចិត្ដនឹងទំនាក់ទំនង អន្ដររដ្ឋកម្រិតខ្ពស់ ជាមួយចិន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីរីករាយនឹងទំនាក់ទំនងអន្តររដ្ឋកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកប្រធានាធិបតីបានឲ្យដឹងនៅឯវេទិកាវិនិយោគ “Russia Calling”ថា “ក្នុងពេលជាមួយគ្នានេះ យើងតែងតែគោរពផលប្រយោជន៍របស់ដៃគូរបស់យើងក្នុងឆាកអន្តរជាតិ ហើយពេញចិត្តចំពោះវានៅពេលដែលពួកគេប្រព្រឹត្តចំពោះយើងដូចគ្នា។ ប្រទេសចិនបានចាត់ទុកយើងតាមរបៀបដូចគ្នា” ។

ងាកទៅរកការអភិវឌ្ឍន៍របស់ប្រទេសចិន លោកពូទីន បានលើកឡើងថា ប្រទេសនេះកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនេះគឺជាដំណើរការធម្មជាតិដែលមិនគួរត្រូវបានទប់ស្កាត់។

លោក ពូទីន បានបន្ថែមថា ការរឹតបន្តឹង និងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនក្នុងបរិបទនេះគឺ “អយុត្តិធម៌” និងផ្ទុយនឹងបទដ្ឋាននៃច្បាប់អន្តរជាតិ។ នៅពេលសួរអំពីសក្ដានុពលយោធារបស់ចិន លោក ពូទីន បានលើកឡើងថា ចិនមានសិទ្ធិការពារខ្លួន។

លោកបានបន្ដថា ទីក្រុងមូស្គូមិនមើលឃើញថានេះគឺជាការគំរាមកំហែងនោះទេ ដោយលោកបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាកត្តាសំខាន់ដែលរួមចំណែកដល់ស្ថិរភាពពិភពលោក។

លោកពូទីនបានបញ្ជាក់បន្ថែមថា “យើងពេញចិត្តនឹងកម្រិតនៃទំនាក់ទំនងរបស់យើង យើងគិតថាពួកគេអាចកាន់តែស៊ីជម្រៅ មានអត្ថន័យ និងនាំទៅរកផលវិជ្ជមានទាំង សម្រាប់ប្រជាជនចិន និងសម្រាប់ប្រជាជនរុស្ស៊ី”៕ដោយ ឈូក បូរ៉ា

To Top