“វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ចិនបានប្តូរជោគវាសនានៃទីក្រុងទេសចរណ៍ដ៏សំខាន់នេះ ។” ស្ថានីយ៍ទូរទស្សន៍ដ៏សំខាន់មួយរបស់ប្រទេសហ្ស៊ីមបាវេបានផលិតភាពយន្តឯកសារមួយនាពេលថ្មីៗកន្លងទៅនេះដោយបានរៀបរាប់ពីរឿងរ៉ាវអំពីនៅទីក្រុង Victoria Falls នៃប្រទេសហ្ស៊ីមបាវេ អ្នកស្រុកនិងអ្នកទេសចរមាន”អត្រាឆ្លងជំងឺទាបនិងករណីស្លាប់សូន្យ”ព្រមទាំងសម្រេចបាននូវការងើបសេដ្ឋកិច្ចឡើងវិញ ដោយសារប្រទេសនេះទទួលបានជំនួយជាវ៉ាក់សាំងជំងឺកូវីដ ១៩ របស់ប្រទេសចិន ។
ក្នុងពិធីបើកនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់វេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកលើកទី ៨ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិននឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាហ្វ្រិកដើម្បីរួមគ្នាអនុវត្ត”គម្រោងចំនួន ៩ ”។ ក្នុងនោះ ភារកិច្ចចម្បងគឺ គម្រោងខាងសុខាភិបាលនិងសុខភាព ។ ប្រទេសចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ចិនចំនួន ១ ពាន់លានដូសទៀតដល់អាហ្រ្វិក ក្នុងនោះ ៦ រយលានដូសជាជំនួយដោយឥតគិតថ្លៃ ហើយ ៤ រយលានដូសទៀតនឹងផ្តល់ដល់អាហ្រ្វិកតាមរយៈវិធី ដូចជា សហគ្រាសចិននិងប្រទេសអាហ្វ្រិកពាក់ព័ន្ធរួមគ្នាផលិតវ៉ាក់សាំងជាដើម ។ វិធានការថ្មីទាំងនេះនឹងកែប្រែយ៉ាងច្បាស់នូវស្ថានភាពដែលអត្រាចាក់វ៉ាក់សាំងរបស់អាហ្វ្រិកមានកម្រិតទាប ហើយនឹងបំពេញបន្ថែមនូវ”គម្លាតខ្លាំងនៃភាពស៊ាំនឹងរោគ” ផងដែរ ។
លើសពីនេះទៅទៀត ”គម្រោងចំនួន ៩ ”ក៏បានបូករួមទាំងខ្លឹមសារអំពីការកាត់បន្ថយភាពក្រីក្រនិងផ្ដល់ផលប្រយោជន៍ដល់កសិករ ការពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មនិងការវិនិយោគ ក៏ដូចជាជំរុញការច្នៃប្រឌិតថ្មីផ្នែកសេដ្ឋកិច្ចឌីជីថលនិងជំរុញការអភិវឌ្ឍបៃតងជាដើមផងដែរ ។ ពីការជួយអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រនិងពង្រីកកសិកម្មចំនួន ១០ ដល់ការធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទំហំពាណិជ្ជកម្មសរុបខាងការនាំចូលរបស់ប្រទេសចិនពីអាហ្រ្វិកឡើងដល់ ៣ សែនលានដុល្លារអាមេរិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ពីការជំរុញសហគ្រាសចិនឱ្យសម្រេចបាននូវការបណ្តាក់ទុននៅអាហ្រ្វិកមិនតិចជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះដល់ការជួយអនុវត្តគម្រោងសេដ្ឋកិច្ចឌីជីថលចំនួន ១០ គម្រោងការពារបរិស្ថានបែបបៃតងនិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុចំនួន ១០ ”គម្រោងចំនួន ៩” ទាំងនេះមានកម្លាំងគាំទ្រយ៉ាងខ្លាំងក្លា បានគ្របដណ្តប់យ៉ាងទូលំទូលាយហើយបានកំណត់សន្ទស្សន៍យ៉ាងច្បាស់ដែលបានសមស្របនឹងតម្រូវការនៃបណ្តាប្រទេសអាហ្រ្វិកលើវិស័យការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ការងើបឡើងវិញនៃសេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាពបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង ដោយឡែកបានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ។
អាហ្រ្វិកគឺជាវេទិកាដ៏ធំមួយក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនជាទីកន្លែងធ្វើការប្រកួតប្រជែងរបស់ប្រទេសធំៗនោះទេ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនយោបាយលោកខាងលិចមួយចំនួនបានច្រណែននឹងចំណងមិត្តភាពល្អរវាងចិននិងអាហ្រ្វិក ហើយបានខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអុជអាលបំបែកបំបាក់និងលាបពណ៌ទៅលើទំនាក់ទំនងរវាងភាគីទាំងពីរ ។ ប៉ុន្តែ មើលពីសភាពការណ៍ជាក់ស្តែងអាចឃើញថា កលល្បិចទាំងនេះពិតជាឥតប្រយោជន៍និងគួរឱ្យអស់សំណើចណាស់ ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែក ស្ពាននិងសាលារៀននីមួយៗដែលប្រទេសចិនបានជួយសាងសង់នៅលើដីគោកអាហ្រ្វិក សុទ្ធតែជាសាក្សីនៃការរួមសុខរួមទុក្ខនិងការស្គាល់ពីមិត្តភក្តិពិតប្រាកដក្នុងកាលៈទេសៈនៃការលំបាករវាងប្រទេសចិននិងអាហ្វ្រិកក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។
ពី”ផែនការកិច្ចសហប្រតិបត្តិការចំនួន១០ ”នាឆ្នាំ ២០១៥ ដល់”ផែនការប្រតិបតិ្តចំនួន ៨ ”នាឆ្នាំ ២០១៨ រហូតដល់”គម្រោងចំនួន ៩ ”នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានឈរនៅទីចាប់ផ្តើមថ្មីនៃកិច្ចកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មីហើយ ។ សម្លឹងមើលទៅកាន់អនាគត ប្រទេសចិនបានសន្យាដូចកាលពីមុនថា ប្រទេសចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យបានល្អនូវរឿងទាំងអស់ដែលបានធ្វើសន្យាចំពោះបងប្អូនអាហ្វ្រិកជាមិនខាន !