ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖រុស្ស៊ី មិនអាចបន្ថយភាពតានតឹងបាន ព្រោះតែវត្តមានកង ទ័ពអ៊ុយក្រែន នៅក្បែរនោះ

បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនអាចកាត់បន្ថយភាពតានតឹងជាមួយលោកខាងលិច ជុំវិញរឿងអ៊ុយក្រែនបាន ព្រោះតែមានការប្រមូលផ្តុំដ៏ធំនៃកងកម្លាំងទ័ពរបស់ប្រទេសអ៊ុយក្រែន នៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី។


យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក សម្ពន្ធមិត្តយោធាណាតូនិងអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញសកម្មភាពខុសធម្មតារបស់កងទ័ពរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា គោលជំហររបស់ខ្លួន គឺការពារសុទ្ធសាធ។

ផ្ទាំងពាណិជ្ជកម្ម


មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ីមួយរូប នៅថ្ងៃពុធនេះបានធ្វើការចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីបទដាក់ពង្រាយកងទាហានពាក់កណ្ដាលរបស់ខ្លួន ឬក៏កងទ័ពចំនួន១២៥.០០០នាក់ ទៅកាន់តំបន់ Donbass ជាតំបន់មានជម្លោះមួយក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ជាទីដែលកងកម្លាំងរដ្ឋាភិបាល កំពុងតែធ្វើការប្រយុទ្ធនឹងពួកបះបោរគាំទ្ររុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤មក។


មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំឭកជាថ្មីនូវការចោទប្រកាន់នោះ និងបាននិយាយថា ទីក្រុងមូស្គូមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីកងទ័ពអ៊ុយក្រែនមានចំនួនដ៏ច្រើន នៅជិតប្រទេសរុស្ស៊ី ហើយរុស្ស៊ីមានក្តីព្រួយបារម្ភថា ទីក្រុងគៀវអាចមានបំណងដោះស្រាយជម្លោះខ្លួន ជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ដោយកម្លាំង៕

ប្រែសម្រួល៖ប៉ាង កុង

To Top