ព័ត៌មានអន្តរជាតិ

មេដឹកនាំ កូរ៉េខាងជើង ព្រមានថា នឹងមានការតស៊ូដ៏ស្វិតស្វាញ នៅឆ្នាំក្រោយដើម្បីលើកស្ទួយសេដ្ឋកិច្ច

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថ្លែងថា ប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ “ការតស៊ូដ៏ស្វិតស្វាញ” នៅឆ្នាំក្រោយ ដើម្បីបន្តធ្វើឱ្យមានវឌ្ឍនភាពលើវិស័យនានា រួមទាំងវិស័យការពារជាតិ កសិកម្ម និងសំណង់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០២ ខែធ្នូ ។

លោក គីម បានធ្វើការកត់សម្គាល់ដូច្នេះកាលពីថ្ងៃពុធនៅឯកិច្ចប្រជុំនៃគណៈកម្មាធិការកណ្តាលនៃការិយាល័យនយោបាយរបស់គណបក្សកម្មករដែលកំពុងកាន់អំណាចដែលបានសម្រេចចិត្តរៀបចំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការនៅខែក្រោយ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបានរាយការណ៍ថា ខណៈដែលប្រទេសនេះនៅតែប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច គណបក្សបានទទួលជោគជ័យក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅគោលនយោបាយ និងការអនុវត្តសេដ្ឋកិច្ចរយៈពេល៥ឆ្នាំដែលលោកបានបង្ហាញកាលពីដើមឆ្នាំនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក គីម បានលើកឡើងថា “វាជាការលើកទឹកចិត្តយ៉ាងខ្លាំងដែលការផ្លាស់ប្តូរជាវិជ្ជមានត្រូវបានធ្វើឡើងនៅក្នុងកិច្ចការរដ្ឋទាំងមូល រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការការពារជាតិ ដូចដែលបានបង្ហាញដោយការគ្រប់គ្រងស្ថិរភាពនៃសេដ្ឋកិច្ចរដ្ឋ និងជោគជ័យធំដែលបានធ្វើឡើងនៅក្នុងវិស័យកសិកម្ម និងសំណង់” ។ .

លោកបានបន្តទៀតថា “ឆ្នាំក្រោយនឹងជាឆ្នាំដ៏សំខាន់មួយដែលយើងគួរតែធ្វើការតស៊ូដ៏ស្វិតស្វាញដូចដែលយើងបានធ្វើនៅក្នុងឆ្នាំនេះ” ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×