ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អំពាវនាវឲ្យ មហាអំណាចពិភពលោក បញ្ឈប់កិច្ចពិភាក្សា នុយក្លេអ៊ែអ៊ីរ៉ង់ភ្លាម

បរទេស៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ បានធ្វើការអំពាវនាវឲ្យ មហាអំណាចពិភពលោក បញ្ឈប់កិច្ចចរចានុយក្លេអ៊ែ ជាមួយប្រទេសអ៊ីរ៉ង់ភ្លាមៗ ដោយលើកឡើងពីការ ប្រកាសរបស់ទីភ្នាក់ងារឃ្លាំមើល របស់អង្គការសហប្រជាជាតិមួយ ដែលថា ទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើការផលិត សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ជាមួយឧបករណ៍ដ៏ទំនើបជាងមុន។

ការិយាល័យរបស់ លោកនាយករដ្ឋអ៊ីស្រាអែល Naftali Bennett បានដកស្រង់សម្តីរបស់លោក ដែលនិយាយក្នុងកិច្ចសន្ទនា គ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់កំពុងតែប្រើប្រាស់ ការគម្រាមកំហែងនុយក្លេអ៊ែ ជាយុទ្ធសាស្ត្រចរចា ហើយនេះគួរតែត្រូវបានឆ្លើយតប ដោយការបញ្ឈប់ការចរចាគ្នាភ្លាម និងអនុវត្តវិធានការដ៏តឹងរឹង ដោយមហាអំណាចពិភពលោក”។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ ធ្លាប់បាននិយាយថា ប្រទេសរបស់លោក មានក្តីព្រួយបារម្ភជាខ្លាំងថា មហាអំណាចពិភពលោក នឹងដកទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់ ជាថ្នូរសម្រាប់ការបញ្ឈប់ មិនគ្រប់គ្រាន់លើកម្មវិធី នុយក្លេអ៊ែរបស់ប្រទេសនេះ។

គួរបញ្ជាក់ថា នៅក្នុងពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងអង់គ្លេស បានសរសេរក្នុងអត្ថបទរួមគ្នាមួយថា ប្រទេសអង់គ្លេសនិងប្រទេសអ៊ីស្រាអែល នឹងធ្វើការងារទាំងយប់ទាំងថ្ងៃ ក្នុងការទប់ស្កាត់ប្រទេសអ៊ីរ៉ង់ មិនឲ្យក្លាយជាមហាអំណាចនុយក្លេអ៊ែ ។

ប្រែសម្រួល៖ ប៉ាង កុង

To Top