ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ពន្ធមិត្ត ដាក់ទណ្ឌកម្មថ្មីលើបេឡារុស ជុំវិញការបំពានសិទ្ធិមនុស្ស

បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចូលរួមជាមួយប្រទេសកាណាដា អង់គ្លេសនិងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស ដែលកំពុងតែកើតមាន និងការកេងប្រវ័ញ្ចយ៉ាងអមនុស្សធម៌ លើជនដែលងាយរងគ្រោះនានា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ទណ្ឌកម្មថ្មីទាំងនោះ ក៏ជាការឆ្លើយតបចំពោះ វិបត្តិជនអន្តោប្រវេសន៍ នៅតាមបណ្ដោយព្រំឌដែន របស់ប្រទេសបេឡារុស ជាប់នឹងប្រទេសប៉ូឡូញផងដែរ។

ទីក្រុងវ៉ាស៊ីនតោន បានចូលរួមជាមួយសម្ពន្ធមិត្តខ្លួន ក្នុងចំណាត់ការរួមគ្នា លើប្រទេសបេឡារុស ដោយកំណត់គោលដៅ លើបុគ្គលនិងអង្គភាពនានា ហើយក្រសួងរតនាគារ អាមេរិកនិយាយថា ខ្លួនបានកំណត់ដាក់ទណ្ឌកម្ម បុគ្គលចំនួន២០នាក់ និងអង្គភាពចំនួន១២។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមគ្នាមួយ បានទាមទារឲ្យរដ្ឋាភិបាល នៃប្រទេសបេឡារុស ឲ្យបញ្ឈប់ភ្លាមទាំងស្រុង នូវការរៀបចំឲ្យ ជនអន្តោប្រវេសន៍ខុសប្រក្រតី ធ្វើដំណើរឆ្លងព្រំដែនជាប់ ជាមួយនឹងសហភាពអឺរ៉ុប។ នាពេលបច្ចុប្បន្ននេះ លោកប្រធានាធិបតីបេឡារុស Alexander Lukashenko កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទបង្កឲ្យមានវិបត្តិអន្តោប្រវេសន៍ នៅតាមព្រំដែនសហភាពអឺរ៉ុប ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top