ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ ពិភពលោកមិនត្រូវស្តីបន្ទោសអាហ្រ្វិក ចំពោះការដែលមិនបានចាក់វ៉ាក់សាំងបង្ការវីរុស មិនគ្រប់គ្រាន់នោះទេ

បរទេស៖ អ្នកជំនាញអាហ្រ្វិកខាងត្បូង គឺលោក Solly Moeng បានប្រាប់សារព័ត៌មាន Sputnik ថា សហគមន៍អន្តរជាតិ មិនត្រូវស្តីបន្ទោសប្រទេសអាហ្រ្វិកសម្រាប់ការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩មិនគ្រប់គ្រាន់នោះទេ ខណៈពេលដែលប្រទេសទាំងនោះ កំណត់លទ្ធភាពទទួលបានវ៉ាក់សាំង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោកបានលើកឡើងពីការព្រួយបារម្ភអំពីប្រភេទមេរោគបំលែងថ្មីឈ្មោះ omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។ ការអភិវឌ្ឍន៍កើតឡើងនៅពេលដែលទ្វីបអាហ្រ្វិកតស៊ូជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងទាប ដែលអង្គការសុខភាពពិភពលោកប៉ាន់ស្មានថាមាន 7.5 ភាគរយ។

លោក Moeng ដែលជាចូលរួមក្នុងកិច្ចប្រជុំកំពូល Brand Summit Convener បាននិយាយថា «ប្រទេសជាច្រើននៃទ្វីបអាហ្រ្វិកកំពុងជួបការលំបាកក្នុងការទទួលបានវ៉ាក់សាំង ។ ពិភពលោកអាចបដិសេធក្នុងការផ្តល់វ៉ាក់សាំងទៅកាន់ទ្វីបអាហ្រ្វិក ហើយនៅតែបន្ទោសជនជាតិអាហ្រ្វិកថា មិនបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ដែលជារឿងដែលមិនសមហេតុផល»។

ផ្ទាំងពាណិជ្ជកម្ម

លោក Solly Moeng បានកត់សម្គាល់ថា ប្រទេសអភិវឌ្ឍន៍ទាំងនេះមានបរិមាណដ៏ច្រើននៃវ៉ាក់សាំង ដែលរដ្ឋកំពុងអភិវឌ្ឍន៍ចង់ទិញ ប៉ុន្តែបែរជាត្រូវបានរារាំងមិនឱ្យទទួលបានទៅវិញ។ លោកបានបន្ថែមថា មានអ្វីមួយខុសក្នុងស្ថានភាពនេះ ហើយខ្លួនត្រូវតែនិយាយ។

លោកបន្ថែមដោយជឿជាក់ថា របៀបដែលការប្រកាសពីការរកឃើញវីរុសបំលែងថ្មី omicron ត្រូវបានធ្វើឡើង បង្កឱ្យមានផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក និងធ្វើឱ្យខូចសេដ្ឋកិច្ចអាហ្វ្រិក។ លោកបាននិយាយថា អ្នកវិទ្យាសាស្ត្រមិនបានត្រៀមខ្លួនទេ ពួកគេទំនងជាគិតថា វាមានសារៈសំខាន់ក្នុងការប្រកាសអំពីវីរុសថ្មីនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×