Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅសិង្ហបុរី ធ្លាក់ចុះមកត្រឹមជាង ៥០០ករណី

សិង្ហបុរី៖ ប្រភពពីក្រសួង សុខាភិបាល បានឲ្យដឹងក្នុង សេចក្តីប្រកាសព័ត៌មាន មួយថា ប្រទេសសិង្ហបុរី បានរាយការណ៍ ករណីថ្មីចំនួន ៥៥២ករណី នៃជំងឺកូវីដ-១៩ សរុបកើនឡើងជាង ២៦ម៉ឺនករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្នុងចំណោមករណីថ្មី ៥២៣ ករណីស្ថិតនៅក្នុងសហគមន៍ ១៤ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ពលករចំណាកស្រុក និង ១៥ ករណីត្រូវបាននាំចូល ដែលនាំឱ្យចំនួនសរុប នៅក្នុងប្រទេសកើនដល់ ២៦៩,២១១ករណី ។

ករណីកូវីដ-១៩ សរុបចំនួន ៨៦៣ ករណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយ ១៥៥ ករណី ត្រូវការការបន្ថែមអុកស៊ីហ្សែន ៦ ករណីមិនស្ថិតស្ថេរ និងស្ថិតក្រោមការត្រួតពិនិត្យ យ៉ាងដិតដល់ក្នុងបន្ទប់ ICU និង ៥២ ករណីកំពុងមានជំងឺធ្ងន់ធ្ងរ និងដាក់បញ្ចូលក្នុងបន្ទប់ ICU ។ អត្រាប្រើប្រាស់ ICU សរុបបច្ចុប្បន្នគឺ ៥១,២ភាគរយ។

ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា អ្នកជំងឺចំនួន ១៣ នាក់ទៀតបានទទួលមរណភាព ដោយសារផលវិបាកដោយសារ ការឆ្លងជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួន អ្នកស្លាប់កើនឡើងដល់ ៧៥៩ នាក់។

លើសពីនេះ ក្រសួងសុខាភិបាលបាន រកឃើញករណីនាំចូលជំងឺកូវីដ-១៩ មួយករណីទៀត ដែលបានធ្វើតេស្តវិជ្ជមាន ជាបឋមសម្រាប់ទម្រង់ ឆ្លងប្រភេទថ្មីអូមីក្រុង។ ករណីនេះត្រូវបានចាក់ វ៉ាក់សាំងយ៉ាងពេញលេញ និងមានរោគសញ្ញាស្រាល។ អ្នកជំងឺមិនមានទំនាក់ទំនង ក្នុងសហគមន៍នោះទេ ហើយបច្ចុប្បន្នមិនមាន ភស្តុតាងនៃ ការចម្លងក្នុងសហគមន៍ ពីករណីនេះដែរ៕

ដោយ ឈូក បូរ៉ា

To Top