ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីមីយ៉ាន់ម៉ា និងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបន្ថយទោសមកត្រឹមរយៈពេល២ឆ្នាំ

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការកាត់ទោសរយៈពេល៤ឆ្នាំដល់ប្រធានាធិបតីមីយ៉ាន់ម៉ា U Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់បន្ថយមកនៅត្រឹម២ឆ្នាំក្រោមមាត្រា៤០១ (១) នៃក្រមនីតិវិធីព្រហ្មទណ្ឌ កាលពីថ្ងៃចន្ទ ។

យោងតាមរបាយការណ៍នេះ លោក U Win Myint និងលោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តឃុំខ្លួននៅទីតាំងដែលមិនទាន់បង្ហាញច្បាស់លាស់នោះទេ ។

លោក U Win Myint និងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកាលពីព្រឹកថ្ងៃចន្ទ ខណៈពួកគេត្រូវបានផ្តន្ទាទោសពីបទញុះញង់តាមមាត្រា៥០៥ (ខ) នៃក្រមព្រហ្មទណ្ឌ និងពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ។

បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ រួមជាមួយមន្ត្រីផ្សេងទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់(NLD) អំណាចរដ្ឋរបស់មីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិ ឧត្តមសេនីយ៍ Min Aung Hlaing បន្ទាប់ពីការប្រកាសជារដ្ឋក្នុងគ្រាអាសន្ន ។

ចាប់តាំងពីការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ចំនួន១១ បទល្មើស ដូចជាការរំលោភលើច្បាប់សម្ងាត់ផ្លូវការ ក្នុងចំណោមបទល្មើសផ្សេងទៀត ខណៈលោក យូ វីន មៃយីន ស្ថិតនៅក្រោមការចោទប្រកាន់ចំនួន២ពីបទញុះញង់ និងបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top