ព័ត៌មានអន្តរជាតិ

Update៖ ធ្លាក់ឧទ្ធម្ភាចក្រយោធា ដឹងថាមាននាយសេនាធិការការពារជាតិរបស់ឥណ្ឌានៅលើនោះ តែមិនដឹងស្លាប់ ឬរស់ដដែល

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា ឧទ្ធម្ភាគចក្រ១គ្រឿង ដែលដឹកនាំដោយនាយអគ្គសេនាធិការការពារជាតិឥណ្ឌា (CDS) លោក Bipin Rawat និងមន្ត្រីផ្សេងទៀត បានធ្លាក់នៅថ្ងៃពុធនេះ នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេស ។


ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Coonoor នៃស្រុក Nilgiris ចម្ងាយប្រហែល៥៣៨គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu ។

កងកម្លាំងអាកាសឥណ្ឌា ហៅកាត់ថា (IAF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ឧទ្ធម្ភាគចក្រ IAF Mi-17V5 ដែលមាន នាយសេនាធិការការពារជាតិ លោក Bipin Rawat នៅលើនោះ បានជួបឧបទ្ទវហេតុមួយនៅថ្ងៃនេះនៅជិតទីក្រុង Coonoor រដ្ឋ Tamil Nadu” ។ “ការស៊ើបអង្កេតត្រូវបានបញ្ជាឱ្យបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះ” ។

មន្ត្រីបានលើកឡើងថា ព័ត៌មានលម្អិតអំពីការស្លាប់ និងរបួសត្រូវបានរង់ចាំសិន ។

របាយការណ៍បានឲ្យដឹងថា អ្នករបួសមួយចំនួនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ រូបភាពនៅលើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីការបាក់បែក រួមជាមួយនឹងផ្សែងយ៉ាងក្រាស់ និងភ្លើងនៅនឹងកន្លែងកើតហេតុ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top