បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយតំបន់កណ្តាលនៃប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង។ លោក Biden ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយរបស់សហព័ន្ធ ដោយបញ្ចេញមូលនិធិសម្រាប់រដ្ឋ Kentucky ដែលជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Biden ថា ព្យុះកំបុតត្បូងនេះស្ថិតក្នុងចំណោមព្យុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
មនុស្សជាង ៧០នាក់បានស្លាប់នៅក្នុងរដ្ឋ Kentucky អំឡុងពេលព្យុះវាយប្រហារកាលពីយប់ថ្ងៃសុក្រ រួមទាំងមនុស្សរាប់សិបនាក់នៅក្នុងរោងចក្រផលិតទៀន ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ១០០នាក់។
ក្រុមសង្គ្រោះបន្ទាន់កំពុងស្វែងអ្នករងគ្រោះរកតាមគំនរបាក់បែកនៃរោងចក្រក្នុងក្រុង Mayfield ដែលរងការវាយប្រហារផ្ទាល់។
មនុស្សជាង ៤០ នាក់ត្រូវបានជួយសង្គ្រោះចេញពីរោងចក្រ នៃមនុស្សប្រហែល ១១០នាក់ ប៉ុន្តែអភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា វានឹងក្លាយជាអព្ភូតហេតុប្រសិនបើនរណាម្នាក់ផ្សេងទៀតត្រូវបានរកឃើញថានៅរស់រានមានជីវិតនោះ។

លក្ខខណ្ឌប្រឈមមុខសម្រាប់អាជ្ញាធរមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារតែស្ថានីយប៉ូលីសក្នុងទីក្រុង Mayfield ត្រូវបានបំផ្លាញ និងសម្ភារៈរបស់អ្នកពន្លត់អគ្គីភ័យបានខូចខាតដោយសារតែព្យុះនេះ។
មនុស្សរាប់ម៉ឺននាក់នៅក្នុងរដ្ឋ ក៏គ្មានថាមពល និងទឹក ប្រើប្រាស់ដែរ ។ យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូងបានបំផ្លិចបំផ្លាញនៅក្នុងរដ្ឋផ្សេងទៀត រួមទាំង ៦នៅក្នុងឃ្លាំងរបស់ Amazon នៅក្នុងរដ្ឋ Illinois៕
ប្រែសម្រួលៈ ណៃ តុលា
