ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៧នាក់ និងរាប់ពាន់នាក់បង្ខំចិត្ត ជម្លៀសខ្លួនចេញ ក្រោយពីមានព្យុះភ្លៀងវាយប្រហារ នៅភាគឦសានប្រេស៊ីល

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងរាប់ពាន់នាក់បានជម្លៀសខ្លួនចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល កាលពីចុងសប្តាហ៍នេះ ទីភ្នាក់ងារការពារស៊ីវិលក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃអាទិត្យ ។

ភ្លៀងធ្លាក់ដែលបង្កឡើងដោយព្យុះស៊ីក្លូន ត្រូវឲ្យមូលដ្ឋានីយកម្ម នៅតំបន់ភាគខាងត្បូងនៃ Bahia កាលពីសប្តាហ៍មុន កាន់តែខ្លាំងឡើងៗកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យផ្នែកខ្លះនៃ តំបន់នេះត្រូវបានជន់លិច និងបណ្តាលឱ្យខូចខាតសម្ភារៈ។

យោងតាមក្រសួងការពារជនស៊ីវិល បានឱ្យដឹងថា មានក្រុងប្រហែល ៣០ រងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ដែលរហូតមកដល់ពេលនេះ បានបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ ហើយ ១៧៥នាក់រងរបួស និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ ។

ព្យុះភ្លៀងបានធ្វើឱ្យទីក្រុង និងតំបន់ជនបទដាច់ស្រយាលទាំងស្រុង ដែលបង្កការលំបាកដល់ក្រុមសង្គ្រោះ ក្នុងការទៅដល់ពួកគេ។ កាលពីថ្ងៃអាទិត្យ អ្នកពន្លត់អគ្គីភ័យយោធាជាង ២០០នាក់ បានជួយសង្គ្រោះមនុស្សនៅក្នុង សហគមន៍ដែលរងផលប៉ះពាល់ ដោយជំនួយពីឧទ្ធម្ភាគចក្រ ២គ្រឿង។

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល និងលោក Bahia Rui Falcao អភិបាលខេត្ត បានទៅតំបន់នោះកាលពីថ្ងៃអាទិត្យ ហើយបានសន្យាថា នឹងផ្តល់ជំនួយកសាងឡើងវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top