ព័ត៌មានអន្តរជាតិ

លោក ពូទីន និយាយថា លោកបានធ្វើជាអ្នករត់តាក់ស៊ី ក្រោយសហភាពសូវៀតដួលរលំ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា លោកបានទៅចាប់មុខ របរជាអ្នកបើកឡាន់កាត់ស៊ី ក្រោយការដួលរលំរបស់ នៃសហភាពសូវៀត នៅក្នុងទសវត្សឆ្នាំ១៩៩០ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។

នៅក្នុងអំឡុងពេលថតវីដេអូឃ្លីបខ្លីៗ សម្រាប់ភាពយន្ត ដែលមានចំណងជើងថា “Russia. Recently History” លោក ពូទីន បានថ្លែងប្រាប់ថា លោកបានជួបបញ្ហា លំបាកផ្នែកហិរញ្ញវត្ថុ និងបានបង្ខំចិត្តធ្វើជា អ្នកបើកឡាន់តាក់ស៊ី។

យោងតាមកាសែត CBS News លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជួនកាល ខ្ញុំចាំបាច់ត្រូវរកប្រាក់បន្ថែម ដោយធ្វើជាអ្នកបើកឡាន់។ វាមិនមែនជារឿងរីករាយ ដើម្បីនិយាយអំពីវាទេ ប៉ុន្តែជាអកុសល នោះគឺជាការពិត ហើយចុងក្រោយបង្អស់ អ្វីជាការដួលរលំនៃសហភាពសូវៀត? នេះជាការដួលរលំនៃ ប្រទេសរុស្ស៊ីជាប្រវត្តិសាស្ត្រ ក្រោមឈ្មោះ សហភាពសូវៀត”។

លោក ពូទីន បានប្រដូចការដួលរលំ នៃសហភាពសូវៀត ដែលពេលនោះសាធារណរដ្ឋចំនួន១៥ បានបំបែកខ្លួនជាប្រទេសឯករាជ្យនោះ ទៅនឹងមហន្តរាយភូមិវសាស្ត្រនយោបាយ ដ៏ធំបំផុតនៃសតវត្សទី២០។

គួរបញ្ជាក់ថា នៅក្នុងភាពយន្តឯកសារឆ្នាំ២០១៨ លោកបាននិយាយថា លោកបានពិចារណាចង់ធ្វើការងារ ជាអ្នកបើករថយន្តតាក់ស៊ី ប៉ុន្តែនៅក្នុងភាពយន្តថ្មីនេះ លោកធ្វើការអះអាងថា លោកពិតជាបានធ្វើជាអ្នកបើកតាក់ស៊ី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top