ព័ត៌មានអន្តរជាតិ

ឧត្តមស្នងការ អង្គការសហប្រជាជាតិ ៖ ក្រុមតាលីបង់ បានសម្លាប់មនុស្ស ដោយកាត់ក្បាល និងព្យួរ ក មនុស្សរាប់សិបនាក់

បរទេស ៖ សមាជិក នៃក្រុមបះបោរ ដែលបានដណ្ដើមអំណាចនៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ បានសន្យាថា ពួកគេនឹងមិនធ្វើបាប ទៅលើមន្ត្រី និងអ្នកអនុវត្តច្បាប់ ដែលបម្រើការក្នុងរបបដឹកនាំ ដោយលោកខាងលិច កាលពីមុនក្នុងទីក្រុងកាប៊ុលនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិកនៃក្រុមតាលីបង់បានសម្លាប់មនុស្សរាប់សិបនាក់ ដោយការកាត់ក្បាល និង ការព្យួរក ក្នុងរយៈពេល ៤ខែដែលពួកគេបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមឧត្តមស្នង ការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស លោក Nada Al-Nashif បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ។

យោងតាមលោក Al-Nashif ពលរដ្ឋជាង ១០០ នាក់ និងអតីតសមាជិក នៃកងកម្លាំងសន្តិសុខជាតិ អាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ចាប់តាំង ពីពាក់កណ្តាលខែសីហា ដោយយ៉ាងហោចណាស់ ៧២ នៃការសម្លាប់ទាំងនោះធ្វើឡើងដោយសមាជិក នៃក្រុមនេះ។

យ៉ាងហោចណាស់ជនរងគ្រោះ ៥០ នាក់ទៀត ត្រូវបានគេសម្លាប់ក្រៅប្រព័ន្ធតុលាការរបស់តាលីបង់ គឺជាសមាជិក នៃក្រុម Daesh-K ដែលជាក្រុមបំបែក នៃអង្គការភេរវករដ៏ល្បីល្បាញ ដែលទទួលខុសត្រូវ ចំពោះការទម្លាក់គ្រាប់បែកជាច្រើន នៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន រួមទាំងការបំផ្ទុះដ៏សាហាវ នៅអាកាសយានដ្ឋាន កាប៊ុលក្នុងខែសីហា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top