ព័ត៌មានអន្តរជាតិ

តួកគី ឃាត់ខ្លួនជនសង្ស័យបាន១៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុម IS

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា កងកម្លាំងសន្តិសុខតួកគី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលគេសង្ស័យថា ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ហៅកាត់(IS) នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងវប្បធម៌របស់ប្រទេសតួកគី នៅទីក្រុងអ៊ីស្តង់ប៊ុល ។


ទីភ្នាក់ងារព័ត៌មាន Ihlas បានឲ្យដឹងថា អង្គភាពប៉ូលិសបានធ្វើប្រតិបត្តិការក្នុងពេលដំណាលគ្នានៅក្នុងស្រុកចំនួន៩ និងចាប់បានជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនបរទេសចំនួន១៣នាក់ ដែលអត្តសញ្ញាណមិនច្បាស់លាស់នោះទេ ។

ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ជ្រើសរើសសមាជិកសម្រាប់ក្រុមនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ផ្សព្វផ្សាយការឃោសនាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភស្តុភារ ។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៥មកដល់ពេលនេះ ក្រុម IS បានធ្វើការវាយលុកជាច្រើនលើកនៅក្នុងប្រទេសតួកកគី រួមទាំងការវាយលុកមួយនៅក្លឹបរាត្រីមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដែលក្នុងនោះមនុស្ ស៣៩នាក់ ត្រូវបានសម្លាប់ ។

លោក Abdullah Agar អ្នកឯកទេសសន្តិសុខបានលើកឡើងថា ក្រុម IS នៅតែជាការគំរាមកំហែងដ៏ធំមួយសម្រាប់ប្រទេសតួកគី ជាមួយនឹងរចនាសម្ព័ន្ធជាច្រើនបានរីករាលដាលពាសពេញប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top