ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនយន្តហោះចម្បាំង F-15 ជាច្រើនគ្រឿង ទៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី

បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសរូម៉ានី ដើម្បីល្បាតលើដែនអាកាសក្បែរព្រំដែនរបស់រុស្ស៊ី ដែលជាផ្នែកនៃបេសកកម្មរបស់អង្គការណាតូ ដែលត្រូវបានរចនាឡើងដើម្បីរារាំងទីក្រុងម៉ូស្គូនៅក្នុងតំបន់សមុទ្រខ្មៅ និងជុំវិញអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះចម្បាំង F-15E Strike Eagles មកពីកងវរសេនាតូចប្រយុទ្ធទី ៣៣៦ បានចុះចតនៅអាកាសយានដ្ឋាន Campia Turzii នៅកណ្តាលប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធ។ អង្គការណាតូបាននិយាយថា យន្តហោះចម្បាំងទាំងនេះ នឹងហោះល្បាតលើមេឃ ដោយហោះចេញពីមូលដ្ឋានអាកាសនៅជិតឆ្នេរសមុទ្រខ្មៅរបស់ប្រទេស រួមជាមួយនឹងយន្តហោះចម្បាំងរ៉ូម៉ានី និង យន្តហោះចម្បាំង Eurofighter Typhoons របស់អ៊ីតាលី។

ឧត្តមសេនីយទោ Joel Carey អនុប្រធានប្រតិបត្តិការទ័ពអាកាសសម្ព័ន្ធមិត្តបាននិយាយថា ការមកដល់នៃយន្តហោះរបស់អាមេរិករួមចំណែកដល់ “ការរារាំងនៅក្នុងតំបន់” របស់ប្លុកយោធាលោកខាងលិច។ “សមត្ថភាពក្នុងការដាក់ពង្រាយទ្រព្យសម្បត្តិអាកាសរបស់សម្ព័ន្ធមិត្តយ៉ាងឆាប់រហ័សក្នុងការជួយដល់អង្គការណាតូគឺមានសារៈសំខាន់ចំពោះការត្រៀមខ្លួនរបស់យើង និងបង្ហាញពីភាពរហ័សរហួនរបស់កងកម្លាំង” ។

នៅក្នុងឆ្នាំ 2014 អង្គការណាតូបានបង្កើនការហោះហើរឃ្លាំមើល និងការល្បាតតាមអាកាសនៅជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃអ្វីដែលប្លុកនេះហៅថា “ការពង្រឹងប៉ូលីសអាកាស” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top