ព័ត៌មានអន្តរជាតិ

ប៉ូលិសឥណ្ឌូនេស៊ី ចាប់ខ្លួនសង្ស័យ ៩នាក់ ជាក្រុមភេរវករ នៅខេត្តស៊ូម៉ាត្រាខាងជើង

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមប្រឆាំងភេរវកម្មរបស់ ប៉ូលិសឥណ្ឌូណេស៊ី ដែលគេស្គាល់ក្នុងស្រុកថា Densus 88 បានចាប់ខ្លួនជនសង្ស័យ ជាភេរវករចំនួន៩នាក់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធ Jamaah Islamiyah ហៅកាត់(JI) ដែលមិនស្របច្បាប់ នៅក្នុងទីក្រុងចំនួន២ នៅខេត្តស៊ូម៉ាត្រាខាងជើង ។

លោក Ahmad Ramadhan អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូណេស៊ី បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “យើងបានចាប់ខ្លួនពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ។ ពួកគេ៧នាក់ត្រូវបានចាប់ខ្លួននៅ Medan ហើយ ២នាក់ទៀតត្រូវបានចាប់ខ្លួននៅ Tanjung Balai “ ។

លោក Ramadhan បានលើកឡើងថា ជនសង្ស័យទាំងអស់ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន នៅទីស្នាក់ការកណ្តាល ប៉ូលិសស៊ូម៉ាត្រាខាងជើង ខណៈដែល Densus 88 កំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត ។

កន្លងមក ប៉ូលិសបានចាប់ខ្លួន ជនសង្ស័យដែលជាភេរវករចំនួន ៤នាក់ នៅស៊ូម៉ាត្រាខាងត្បូង កាលពីថ្ងៃទី១៣ ខែធ្នូ និងម្នាក់នៅ Lampung នៅថ្ងៃទី១៥ ខែធ្នូ ។ អ្នកដែលត្រូវបានចាប់ខ្លួន ក៏ត្រូវបានគេរាយការណ៍ថា ជាសមាជិកក្រុម JI ផងដែរ ។

ប៉ូលិសត្រូវបានគេរំពឹងថា នឹងពង្រឹងសន្តិសុខ ជាពិសេសនៅតាមកន្លែងគោរពបូជា ក្នុងអំឡុងពេលវិស្សមកាលចុងឆ្នាំ ហើយប្រជាជនឥណ្ឌូនេស៊ី ត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន ហើយរាយការណ៍ទៅប៉ូលិសជាបន្ទាន់ ប្រសិនបើពួកគេរកឃើញអ្វី ដែលគួរឲ្យសង្ស័យនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top