ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខអាមេរិក៖ សម្ពាធនឹងកើនឡើង ចំពោះចិនស្តីពី បញ្ហាអាកាសធាតុ

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកជឿថា សម្ពាធនឹងកើនឡើងលើប្រទេសចិន ឲ្យផ្តល់នូវកិច្ចប្រឹងប្រែង ជាមូលដ្ឋានខ្លាំងឡើង ក្នុងការប្រយុទ្ធប្រឆំាងនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ ជាជាងគ្រាន់តែធ្វើការពិភាក្សាគ្នា រហូតមកទល់ពេលបច្ចុប្បន្ននេះ។

នៅពេលត្រូវគេសួរ នៅក្នុងព្រឹត្តិការណ៍មួយរៀបចំឡើង ដោយវិទ្យាស្ថានក្រុមប្រឹក្សាស្តីពី ចំណងមិត្តភាពការបរទេសថា តើរដ្ឋបាលលោក បៃដិន នឹងពិនិត្យមើលគោលដៅ ប្រកបដោយមហិច្ឆតាខ្លាំងឡើង ក្រោយជំនួបកំពូល COP26 កាលពីខែមុន នៅក្នុងទីក្រុង Glasgow នោះ លោកបានឆ្លើយតបថា៖
“ខ្ញុំគិតស្ទើរតែតាម និយមន័យទាំងស្រុងថា យើងចាំបាច់ត្រូវតែមាន មហិច្ឆតាខ្លាំងឡើង ព្រោះមហិច្ឆតាខ្លាំងឡើង គឺត្រូវការជាចាំបាច់ដើម្បីដល់ចំណុច ដែលយើងចង់ទៅ ពោលគឺកម្រិតការឡើង កម្តៅឲ្យនៅក្រោម ១,៥អង្សាសេ”។

លោកបានមាន ប្រសាសន៍បន្តទៀតថា “ក្នុងរយៈពេលជាច្រើនខែ ពីជំនួបកំពូល COP26 នោះ ខ្ញុំគិតថា ការផ្តោតគោលដៅនឹងមានការផ្លាស់ប្តូរ ហយសម្ពាធនឹងកើនឡើងលើប្រទេសចិន ឲ្យចូលមកពិភាក្សាគ្នាជាមួយ អ្វីដែលកាន់តែមានមហិច្ឆតាខ្លាំងឡើង ជាងអ្វីដែលពួកគេបានលើកឡើង រហូតមកទល់ពេលបច្ចុប្បន្ននេះ”។

គួរបញ្ជាក់ថា ការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មី គឺជាផ្នែកដ៏សំខាន់នៃ ការជជែកវែកញែកនៅក្នុងជំនួបកំពូល COP26 ដោយជាចុងក្រោយប្រទេសនានា បានព្រមព្រៀងគ្នាថា ការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មី គឺជាផ្នែកនៃកិច្ចប្រឹងប្រែងពួកកេ ក្នុងការរក្សាកំណើន សីតុណ្ហភាពពិភពលោក ឲ្យជិតដល់ ១,៥អង្សាសេតាមដែលអាចធ្វើបាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top