ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ព្រមានថា អង់គ្លេសទំនងជា មិនបញ្ជូនទ័ពទេ បើរុស្ស៊ីឈ្លានពាន អ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នាពេលថ្មីៗនេះ បានមានប្រសាសាន៍ថា វាទំនងជាប្រទេសអង់គ្លេស ឬក៏សម្ពន្ធមិត្ត នឹងមិនបញ្ជូនកងទ័ពទៅ ការពារប្រទេសអ៊ុយក្រែននោះទេ ប្រសិនបើវាត្រូវបានឈ្លានពាន ដោយប្រទេសជិតខាង គឺប្រទេសរុស្ស៊ីនោះ។

ទីភ្នាក់ងារចារកម្ម សហរដ្ឋអាមេរិកអះអាំងថា ប្រទេសរុស្ស៊ីបានចល័តកងទ័ពប្រមាណ ៧០.០០០នាក់ ទៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន និងបានចាប់ផ្តើមផែនការ ដើម្បីធ្វើការឈ្លានពាន អាចទៅរួចណាមួយ យ៉ាងយូរបំផុតនោះគឺនៅដើមឆ្នាំក្រោយ។

លោក Ben Wallace និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Yuriyovych Reznikov បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ ដោយនិយាយថា ពួកលោកមានក្តីព្រួយបារម្ភ ចំពោះការប្រមូលផ្តុំយោធារបស់រុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ លោក Ben Wallace និយាយថា “ចក្រភពអង់គ្លេស នឹងឈរប្រកៀកស្មារគ្នា ជាមួយប្រជាជនអ៊ុយក្រែន ហើយនឹងបន្តការប្តេជ្ញា ដ៏យូរអង្វែងរបស់ខ្លួន ផ្តល់ការគំាទ្រដល់ពួកគេ” ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Spectator លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេសរូបនេះ បាននិយាយថា អ៊ុយក្រែនមិនមែនជាសមាជិកណាតូទេ ដូច្នេះវាទំនងជាគ្មានអ្នកណានឹង បញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីប្រជែងនឹងរុស្ស៊ីនោះឡើយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×