ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល រកឃើញថាមានករណីផ្ទុះជំងឺផ្តាសាយបក្សីនៅជាប់ព្រំដែនលីបង់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់រដ្ឋបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានរកឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 នៅឯកសិដ្ឋានចិញ្ចឹមមាន់ភាគខាងជើង ។


ក្រសួងបានកត់សម្គាល់ថា ជំងឺផ្តាសាយបក្សីបានរីករាលដាលនៅក្នុងទ្រុងមាន់ពងនៅក្នុងភូមិ Margaliot ជិតព្រំដែនប្រទេសលីបង់ ។

ជំងឺគ្រុនផ្តាសាយត្រូវបានលេចរូបរាងឡើង បន្ទាប់ពីការកើនឡើងនៃការស្លាប់របស់សត្វមាន់នៅក្នុងកសិដ្ឋាន និងការយកសំណាកដែលបានពិនិត្យនៅក្នុងមន្ទីរពិសោធន៍មួយ ។

ក្រសួងបានកំណត់ដាក់កសិដ្ឋាននេះស្ថិតនៅដាច់ដោយឡែក ដែលរួមមានសត្វមាន់ចំនួន២៤៤.០០០ក្បាល បានបញ្ឈប់ការធ្វើទីផ្សារស៊ុតពីកសិដ្ឋាននោះ ហើយបានធ្វើតេស្តនៅកសិដ្ឋានចិញ្ចឹមសត្វផ្សេងទៀតដែលនៅក្បែរនោះ ។

ផ្ទាំងពាណិជ្ជកម្ម

ទីផ្សារក្នុងតំបន់មានពងប្រហែល៦លានពងក្នុង១ខែ ក្នុងចំណោមពងប្រហែល២០០លាន ពងត្រូវបានគេប្រើប្រាស់ជារៀងរាល់ខែក្នុងប្រទេសអ៊ីស្រាអ៊ែល ។

ជំងឺគ្រុនផ្តាសាយបក្សី H5N1 ក៏អាចឆ្លងដល់សត្វដទៃទៀតផងដែរ ដូចជាៈ ជ្រូក ឆ្មា និងខ្លា ហើយក្នុងករណីកម្រឆ្លងមកមនុស្សផងដែរ ។

រោគសញ្ញាដំបូងនៃជំងឺផ្ដាសាយបក្សីចំពោះមនុស្សជាធម្មតា គឺជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងគ្រុនក្តៅ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×