កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា លោក Khairy Jamaludin រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី រំពឹងថានឹងមានការ កើនឡើងនៃករណីកូវីដ-១៩ នៅមជ្ឈមណ្ឌលសង្គ្រោះផ្សេងៗ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានកើតឡើង ។
នៅក្នុងសន្និសីទសារព័ត៌មានក្នុងសភា លោក Khairy បានព្រមានអំពីការកើនឡើង នៃការឆ្លងជំងឺកូវីដ-១៩ ដែលជិតមកដល់ ដោយសារមជ្ឈមណ្ឌលសង្គ្រោះ ត្រូវបានចាត់ទុកថា ជាតំបន់ដែលមានហានិភ័យខ្ពស់ នៅពេលដែលវិធានការសុខភាព សាធារណៈមិនអាចអនុវត្ត និងអនុវត្តបានពេញលេញ ។
លោក Khairy បានថ្លែងថា “ក្នុងអំឡុងពេលទឹកជំនន់ អាទិភាពគឺជួយសង្រ្គោះ ជនរងគ្រោះដោយទឹកជំនន់ ហើយជួនកាលវាមិនអាចជួយបាន ដែលរឿងមួយចំនួនដែលគួរធ្វើ ដូចជាវិធានការសុខភាពសាធារណៈ មិនអាចអនុវត្ត ឬអនុវត្តតាមបាន” ។
រដ្ឋមន្ត្រីបានថ្លែងថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃចន្ទនេះ ករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៨១នាក់ ត្រូវបានរកឃើញក្នុងអំឡុងពេល ពិនិត្យដោយអាជ្ញាធរសុខាភិបាល នៅតាមមណ្ឌលសង្គ្រោះផ្សេងៗ ។
រដ្ឋចំនួន២ បានរាយការណ៍ករណីខ្ពស់បំផុត គឺ១១៧ករណី នៅ Selangor និង៥២ករណីនៅ Pahang ។
មជ្ឈមណ្ឌលនានាក្នុងរដ្ឋ Kelantan និង Kuala Lumpur បានឃើញករណីវិជ្ជមានចន្លោះពី៤ទៅករ៦ណី ខណៈដែលករណីនីមួយៗ ត្រូវបានរាយការណ៍នៅ Negeri Sembilan និង Melaka ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា