ព័ត៌មានអន្តរជាតិ

លោក ពូទីន រិះគន់លោកខាងលិច សម្រាប់ភាពតានតឹង ចាប់តាំងពីចប់ សង្គ្រាមត្រជាក់មក

បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ តាមសេចក្តី រាយការណ៍ បានធ្វើការរិះគន់ ចំពោះបណ្ដាប្រទេសលោក ខាងលិច សម្រាប់ភាពតានតឹង ដែលកំពុងតែកើនឡើង នៅក្នុងតំបន់អឺរ៉ុប ដោយនិយាយថា វាបានធ្វើការវាយ តម្លៃមិនត្រឹមត្រូវ ចំពោះលទ្ធផល នៃសង្គ្រាមត្រជាក់ ។

យោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងខណៈថ្លែង ប្រាប់ក្រុមមន្ត្រី យោធាជាន់ខ្ពស់ លោក ពូទីន បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី នឹងធ្វើការឆ្លើយតប យ៉ាងគ្រប់គ្រាន់ ចំពោះភាពគឃ្លើនរបស់លោកខាងលិចណាមួយ ហើយនឹងធ្វើការអភិវឌ្ឍ កងទ័ពរបស់រុស្ស៊ីបន្ថែមទៀត ។

លោកប្រធានាធិបតី រុស្ស៊ី រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ហេតុអ្វីពួកគេពង្រីក វិសាលភាពអង្គការណាតូ ហើយបោះបង់ចោល សន្ធិសញ្ញាការពារ មីស៊ីល? ពួកគេត្រូវតែទទួលខុសត្រូវ ចំពោះអ្វីដែលកំពុងតែកើត មានឡើង នៅក្នុងពេលបច្ចុប្បន្ននេះ គឺចំពោះភាពតានតឹង ដែលកំពុងកើន ឡើងនៅក្នុងតំបន់អឺរ៉ុប” ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានប្រមូលផ្តុំ កងទ័ពរាប់ម៉ឺននាក់ នៅតាមព្រំដែនជាប់ប្រទេស អ៊ុយក្រែន ធ្វើការទាមទារថា អង្គការណាតូត្រូវតែបដិសេធ មិនទទួលយកអតីតសាធារណរដ្ឋសូវៀត ឲ្យចូលជាសមាជិកខ្លួន និងត្រូវតែធានាថា នឹងគ្មានអាវុធឬក៏កងទ័ព ដាក់ពង្រាយនៅ ក្នុងទីនោះនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top