ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋវៀតណាម សន្យាស្វែងរក ភាពស្របច្បាប់សម្រាប់ជនជាតិភាគតិចវៀតណាម នៅកម្ពុជា

បរទេស៖ ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ្វុក បានសន្យាថានឹងគាំទ្រជនជាតិភាគតិចវៀតណាម នៅក្នុងប្រទេសកម្ពុជាឲ្យឆាប់មានអត្តសញ្ញាណស្របច្បាប់ ខណៈដែលពួកគេមិនមែន ជាពលរដ្ឋដែលបានចុះបញ្ជី នៅក្នុងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងពេលជំនួបកាលពីថ្ងៃពុធជាមួយមន្ត្រីនៅស្ថានទូតវៀតណាម និងអ្នកតំណាងធុរកិច្ច និងសហគមន៍វៀតណាមនៅកម្ពុជា លោក ង្វៀន សួនហ្វុក បាននិយាយថា «គ្មានសហគមន៍ណាដែលជួបប្រទះការលំបាកច្រើនដូចជនជាតិវៀតណាមនៅកម្ពុជាទេ»។

លោកថា វាគឺដោយសារតែ «ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់» របស់ពួកគេ ហើយពួកគេភាគច្រើនមិនមានឯកសារអត្តសញ្ញាណដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ លោក ហ្វុក បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជានៅថ្ងៃទី២១-២២ ខែធ្នូ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាម នៅកម្ពុជា បានប្រាប់អង្គប្រជុំថា សហគមន៍ជនជាតិដើមភាគតិចវៀតណាម កំពុងជួបការលំបាកកាន់តែខ្លាំង ដោយសារផែនការផ្លាស់ប្តូរទីលំនៅរបស់ពួកគេដោយរដ្ឋាភិបាលកម្ពុជា។

កាលពីដើមឆ្នាំនេះ កម្ពុជាបានប្រកាសផែនការរុះរើ ឬផ្លាស់ប្តូរផ្ទះបណ្តែតទឹក កន្លែងចិញ្ចឹមត្រី និងកន្លែងដាក់ទូក ឬសំណង់ខុសច្បាប់និងសំណង់ផ្សេងៗនៅតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ មូលហេតុនៃការផ្លាស់ប្តូរទីតាំងនេះគឺដោយសារតែអ្នកភូមិបណ្តែតទឹក ធ្វើឱ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ក៏ដូចជាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាត»។

ការសម្រេចចិត្តនេះ ធ្វើឱ្យប៉ះពាល់ដល់ជនជាតិវៀតណាមរាប់ពាន់នាក់ ដោយសារពួកគេភាគច្រើនមិនមានសិទ្ធិទទួលបានគោលនយោបាយតាំងទីលំនៅថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដោយសារពួកគេមិនត្រូវបានទទួលស្គាល់ថាជាពលរដ្ឋខ្មែរ ឬជាពលរដ្ឋវៀតណាម។

លោក ស៊ីម បានស្នើឲ្យប្រមុខរដ្ឋវៀតណាម ស្នើរដ្ឋាភិបាលកម្ពុជា ឆាប់ចេញឯកសារផ្លូវការស្តីពីសិទ្ធិជនជាតិវៀតណាម ដែលបានចុះឈ្មោះជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការសម្រេចចិត្តទទួលស្គាល់ពួកគេជាជនបរទេស និងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពួកគេ។ លោកក៏ស្នើឲ្យមេដឹកនាំវៀតណាម ស្នើអាជ្ញាធរកម្ពុជា សម្រួលដំណើរការ និងនីតិវិធីចំពោះអ្នកដែលបានបំពេញកាតព្វកិច្ចជនបរទេសក្នុងប្រភេទអន្តោប្រវេសន៍។

លោក ង្វៀន សួនហ្វុក បាននិយាយថា លោកនឹងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន និងប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសហគមន៍ជនជាតិភាគតិចវៀតណាមនៅកម្ពុជាមានឋានៈស្របច្បាប់ និងដោះស្រាយក្នុងពេលឆាប់ៗនេះ។ លោក ង្វៀន ក៏បានអំពាវនាវឱ្យពួកគេ “គោរពតាមច្បាប់នៃប្រទេសម្ចាស់ផ្ទះ ថែរក្សាអាជីវកម្មរបស់ពួកគេ និងធ្វើជាគំរូ”។

លោកបន្តថា «ស្ថានទូតត្រូវតែផ្តល់ដំបូន្មានភ្លាមៗដល់ប្រជាជនដែលមានដើមកំណើតវៀតណាមអំពីបទប្បញ្ញត្តិទាក់ទងនឹងបញ្ហាជាប់ព្រំដែន និងបញ្ហាព្រំដែន”។ 

បើយោងតាមសមាគមខ្មែរ-វៀតណាម គឺបច្ចុប្បន្នមានជនជាតិវៀតណាមចំនួន ៣ ម៉ឺននាក់នៅភ្នំពេញ៕

To Top