ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក ចាប់បានកប៉ាល់ ដែលដឹកអាវុធទៅឱ្យក្រុមឧទ្ទាម ក្នុងប្រទេស យេម៉ែន

បរទេស៖ កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាំភ្លើង AK-47 ប្រហែល 1 400 ដើម និងគ្រាប់ 266 000 គ្រាប់ ត្រូវបានរកឃើញបន្ទាប់ពីនាវាល្បាតរបស់កងទ័ពជើងទឹកអាមេរិក USS Tempest និង នាវា USS Typhoon ដោយក្រុមនាវិកបានឡើងលើនាវានេសាទមួយនៅភាគខាងជើងនៃសមុទ្រអារ៉ាប់កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវិកនៅលើកប៉ាល់ចំនួន 5 នាក់បានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាជនជាតិយេម៉ែន នឹងត្រូវបញ្ជូនទៅប្រទេសយេម៉ែនវិញ ។ អាវុធត្រូវបានរឹបអូស ខណៈកប៉ាល់ត្រូវបានគេចាត់ទុកថា ជា “គ្រោះថ្នាក់សម្រាប់ការធ្វើនាវាចរណ៍សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម” ហើយត្រូវបានពន្លិច។

សូមជម្រាបថា កាលពីឆ្នាំ 2015 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានហាមឃាត់ការផ្គត់ផ្គង់អាវុធដល់ក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន។ សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធគ្នានៅខាងភាគីប្រធានាធិបតីយេម៉ែនដែលត្រូវបានបណ្តេញចេញ លោក Abdrabbuh Mansur Hadi បានចោទប្រកាន់អ៊ីរ៉ង់ម្តងហើយម្តងទៀតថា បានបញ្ជូនអាវុធទៅឱ្យក្រុមឧទ្ទាម Houthi ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ មិនបានធ្វើអត្ថាធិប្បាយលើការរឹបអូសកប៉ាល់នៅសមុទ្រអារ៉ាប់នោះទេ ប៉ុន្តែបានបដិសេធការរត់ពន្ធអាវុធទៅកាន់ប្រទេសយេម៉ែននាពេលកន្លងមក៕ប្រែសម្រួលៈ ណៃ តុលា

To Top