ព័ត៌មានអន្តរជាតិ

អាមេរិក-ចិន គួរតែប្រកួតប្រជែង បែបការប្រកួតប្រណាំង មិនមែនបែបការ ប្រកួតប្រដាល់នោះទេ

វ៉ាស៊ីនតោន៖ ការប្រកួតរវាងសហរដ្ឋអាមេរិក និងចិន មិនមែនជា “ការប្រកួតប្រដាល់បែបទំនើបនោះទេ” ហើយគួរតែជា “ការប្រកួតបែបប្រណាំង” ហើយមិនគួរត្រូវបានយល់ឃើញ ឬសន្មតថាជាការវាយអ្នកណា ម្ខាងទៀតឲ្យដួលដល់ដីឡើយ នេះបើតាមការលើកឡើង ដោយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោនលោក ឈីន ហ្គាង។

លោក ឈីន បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលបទសម្ភាសន៍ រួមគ្នានាពេលថ្មីៗនេះជាមួយ នាយកនិពន្ធ និងអ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ នៃបណ្តាញសារព័ត៌មានអាមេរិកធំៗ ដែលរៀបចំឡើងដោយ Bloomberg New Economy Forum។

លោក បានលើកឡើងថា ជំនួសឱ្យការប្រកួតប្រជែងគ្នា ទៅវិញទៅមកនៅក្នុងហ្គេមសូន្យ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គួរតែចូលរួមក្នុង “ការប្រកួតបែបប្រណាំង” ដែលតាមរយៈនោះភាគីទាំងពីរ អាចលើកកម្ពស់គ្នាទៅវិញទៅមក និងលេងឱ្យអស់ពីសមត្ថភាព។

ទន្ទឹមនឹងនោះ ភាគីទាំងសងខាងក៏អាចស្វែងរកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងពេលប្រកួតប្រជែងផងដែរ ដើម្បីធ្វើឲ្យពួកគេមានភាពរឹងមាំ និងអនុញ្ញាតឱ្យភាគី ម្ខាងទៀតរីកចម្រើន និងអភិវឌ្ឍន៍ ដោយលោកបានកត់សម្គាល់ថា ការប្រកួតប្រជែងគួរតែ ប្រព្រឹត្តទៅដោយយុត្តិធម៌ និងសុខភាពល្អ។

លោកបានបន្ដថា “ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងពីក្ដីសង្ឃឹមរបស់លោកថា នឹងមានទំនាក់ទំនងល្អ ជាមួយប្រទេសចិន។ លោកមិនចង់ធ្វើឱ្យទំនាក់ទំនងនេះ រញ៉េរញ៉ៃនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងកំណត់ទំនាក់ទំនងសំខាន់ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនថា ជាការប្រកួតប្រជែង។ យើងមិនយល់ព្រមនោះទេ” ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top