ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ការឆ្លើយតប របស់រុស្ស៊ីអាចមានការប្រែប្រួល សម្រាប់អាមេរិកនិងណាតូ ស្តីពីអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានននិយាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ការឆ្លើយតបនៃប្រទេសរបស់លោក អាចនឹងមានការប្រែប្រួល ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការសម្ពន្ធមិត្តយោធាណា បដិសេធមិនបង្កើតការធានាសន្តិសុខ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រុស្ស៊ី ឈ្មោះ TASS បានឲ្យដឹងថា នៅក្នុងអំឡុងកិច្ចសម្ភាសន៍មួយ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “វាអាចនឹងមានការប្រែប្រួល គឺវានឹងផ្អែកលើសំណើ ដែលអ្នកជំនាញយោធារបស់យើង នឹងបង្កើតឲ្យខ្ញុំ”។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែននិងរុស្ស៊ី បានធ្លាក់ចូលក្នុងជម្លោះ ចាប់តាំងពីរុស្ស៊ីយកតំបន់ គ្រីមាពីប្រទេសអ៊ុយក្រែន ដាក់ឲ្យចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤មកម្ល៉េះ ហើយនៅពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធនៅតាម ព្រំដែនខ្លួនជាប់នឹងប្រទេសអ៊ុយក្រែន ធ្វើឲ្យបណ្ដាលោកខាងលិច មានក្តីព្រួយបារម្ភ ពីភាពអាចមានការឈ្លានពានជាថ្មី ពីរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងឆ្នាំ អង្គការសម្ពន្ធមិត្តយោធា ណាតូ បានសន្យាផ្តល់ភាពជាសមាជិក ពេញលេញឲ្យដល់ប្រទេសអ៊ុយក្រែន ជារឿងមួយដែលលោក ពូទីន មើលឃើញថា ជាការគម្រាមកំហែង ចំពោះប្រទេសរុស្ស៊ី។ ប្រទេសអ៊ុយក្រែនបាន ចូលរួមជាមួយណាតូ ក្នុងនាមជាដៃគូ នៅក្នុងខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មិនទទួលបានផលប្រយោជន៍ ពីកិច្ចព្រមព្រៀតការពារជាតិរួមនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top