ព័ត៌មានអន្តរជាតិ

ពលរដ្ឋចំនួន ៤៧នាក់ បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ ដ៏អាក្រក់ នៅក្នុងប្រទេស ម៉ាឡេស៊ី

កូឡាឡំាពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បាន ចុះផ្សាយ នៅរាត្រីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ថា ចំនួនអ្នកស្លាប់ នៅក្នុងពេលមានគ្រោះទឹកជំនន់ ដ៏ធំនៅក្នុងប្រទេស ម៉ាឡេស៊ី បានកើនឡើងដល់ ៤៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ។

អធិការប៉ូលិស Acryl Sani Abdullah Sani បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីអ្នកស្លាប់ទាំងនោះ យ៉ាងហោចណាស់ ក៏មានមនុស្ស៥នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន ។

ចំនួនអ្នកផ្លាស់ទីលំនៅដោយសារទឹកជំនន់ ក្នុងប្រទេសបានថយ ចុះមកនៅត្រឹម៣២.៩៣៤នាក់ នៅក្នុងរដ្ឋចំនួន៥ គិតត្រឹមម៉ោង១០យប់។ នេះបើតាមទិន្នន័យពីនាយកដ្ឋានសុខុមាលភាព សង្គមម៉ាឡេស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

រដ្ឋដែលរងគ្រោះខ្លាំងជាងគេនៅតែជារដ្ឋ Pahang នៅតាមបណ្តោយឆ្នេរ ភាគខាងកើត នៃឧបទ្វីបម៉ាឡេស៊ី ដោយមនុស្សជាង១៧.០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ បន្ទាប់មកគឺរដ្ឋ Selangor ដែលមានជាង ១៥.០០០នាក់ត្រូវបានជម្លៀសចេញ ។

ទន្ទឹមនឹងនេះដែរ នាយកដ្ឋានបង្ហូរទឹក និងប្រព័ន្ធធារាសាស្រ្ត របស់ប្រទេសនេះបានព្រមានអំពីគ្រោះទឹកជំនន់នៅរដ្ឋឆ្នេរ សមុទ្រភាគខាងកើតនៃរដ្ឋ Kelantan និង Terengganu ចាប់ពីថ្ងៃទី៣០ ខែធ្នូដល់ថ្ងៃទី៣១ខែធ្នូ ។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama បានឱ្យដឹងថា ការព្យាករណ៍ទឹកជំនន់ ត្រូវបានចេញផ្សាយបន្ទាប់ ពីការព្រមានអំពីអាកាសធាតុ ដ៏សំខាន់ដោយនាយកដ្ឋានឧតុនិយមសម្រាប់ថ្ងៃទី២៥ ខែធ្នូរហូតដល់ចុងឆ្នាំនេះ ៕

To Top