ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារប្រឆាំង អំពើពុករលួយ ចូលស្តាប់ទូរស័ព្ទរបស់សមាជិក បក្សប្រឆាំង ៦០រូប

បរទេស៖ ការិយាល័យស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋ របស់ប្រទេសកូរ៉េខាងត្បូង បានពិនិត្យមើលកំណត់ហេតុទូរស័ព្ទរបស់សមាជិកសភាចំនួន ៦០នាក់ របស់គណបក្សប្រឆាំងដ៏ធំ គឺគណបក្សអំណាចប្រជាជន (PPP) ដោយគណបក្សនេះនៅថ្ងៃពុធ គឺបានចោទប្រកាន់ភ្នាក់ងារស៊ើបអង្កេតដ៏មានឥទ្ធិពលនេះថា មានការឃ្លាំមើលខុសច្បាប់។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានរងការរិះគន់បន្ទាប់ពីមានការលាតត្រដាងថា ការិយាល័យនេះទទួលបានកំណត់ត្រាទូរស័ព្ទរបស់អ្នកកាសែត អ្នកនយោបាយ និងសមាជិកគ្រួសាររបស់ពួកគេ ក្នុងការប៉ុនប៉ងកំណត់អត្តសញ្ញាណប្រភពនៃការលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ។

គណបក្សអំណាចប្រជាជន (PPP) បាននិយាយថា ខ្លួនបានរកឃើញថា សមាជិកសភាបន្ថែមចំនួន ២១ រូប ត្រូវបានគេតាមដាន។ គណបក្សដែលមានសមាជិកសភាចំនួន ១០៥នាក់នៅក្នុងរដ្ឋសភា ដែលមានសមាជិកចំនួន ២៩៥ រូបបាននិយាយកាលពីថ្ងៃចន្ទថា សមាជិកសភាចំនួន ៣៩នាក់ ត្រូវបានគេតាមដានកំណត់ត្រាទូរស័ព្ទរបស់ពួកគេ៕ប្រែសម្រួលៈ ណៃ តុលា

To Top