ព័ត៌មានអន្តរជាតិ

បាក់អណ្តូងរ៉ែមាស នៅស៊ូដង់ បណ្តាលឲ្យស្លាប់មនុស្ស អស់តិចបំផុត ៣៨នាក់

KHARTOUM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមហ៊ុនសហការជាមួយ រដ្ឋាភិបាលបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ ត្រូវបានបាត់បង់ ជីវិត បន្ទាប់ពីអណ្តូងរ៉ែមាសមួយ បានស្រុតបាក់នៅរដ្ឋ West Kordofan ភាគខាងត្បូងប្រទេសស៊ូដង់ ។

សេចក្តីថ្លែងការណ៍បានសរសេរថា “អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sudanese Mineral Resources Company Limited សម្តែងការសោកស្ដាយចំពោះ ការស្លាប់របស់កម្មករអណ្តូងរ៉ែចំនួន ៣៨នាក់ ដែលបានស្លាប់ដោយសារ ការបាក់ស្រុតនៃអណ្តូងរ៉ែ Umm Draisaya” ។

អណ្តូងរ៉ែមាសដែលបានបាក់ស្រុត នៅក្បែរទីក្រុង El Nuhud ក្នុងរដ្ឋ West Kordofan ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ ។

រដ្ឋាភិបាលនៃរដ្ឋ West Kordofan និងគណៈកម្មាធិការសន្តិសុខ របស់រដ្ឋកាលពីមុនបានចេញ សេចក្តីសម្រេចបិទអណ្តូងរ៉ែ ដោយលើកឡើងថា វាមិនស័ក្តិសមសម្រាប់ការ ជីកយករ៉ែ នេះបើយោងតាមក្រុមហ៊ុន ។

ផ្ទាំងពាណិជ្ជកម្ម

ទោះជាយ៉ាងនេះក្តី អ្នករុករករ៉ែបានជ្រៀតចូល និងធ្វើការក្នុងអណ្តូងរ៉ែម្តងទៀត ទោះបីជាមានការសម្រេចយ៉ាងណាក្តី ។

បុគ្គលិកស៊ូដង់ប្រហែល ២លាននាក់ កំពុងធ្វើការនៅក្នុងឧស្សាហកម្ម រុករករ៉ែបែបប្រពៃណី នៅទូទាំងប្រទេសស៊ូដង់ រួមទាំងរដ្ឋនៃសមុទ្រក្រហម Nahr al-Neel, South Kordofan, West Kordofan និងនៅភាគខាងជើង។

យោងតាមស្ថិតិផ្លូវការ ការជីកយករ៉ែបែបប្រពៃណី បានរួមចំណែកប្រហែល ៧៥ភាគរយ នៃផលិតកម្មមាសសរុប នៅក្នុងប្រទេសស៊ូដង់ ដែលលើសពី ៩៣តោន ក្នុង១ឆ្នាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top