ព័ត៌មានអន្តរជាតិ

ចិន ព្រមានចាត់វិធានការធ្ងន់ធ្ងរ ប្រសិនបើតៃវ៉ាន់ ទាមទារឯករាជ្យ (Video)

បរទេស៖ មន្ត្រីចិនមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្រមានថា ប្រទេសចិននឹងចាត់ វិធានការដ៏ខ្លាំងក្លានានា ប្រសិនបើកោះតៃវ៉ាន់ ធ្វើចលនាទាមទារឯករាជ្យ និងបានបន្ថែមថា ការបង្កហេតុរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងមានការកើនឡើងនៅឆ្នាំក្រោយ។

ប្រទេសចិនអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ បានបង្កើនការដាក់សម្ពាធ យោធានិងការទូត ដើម្បីសម្រេចការអះអាង អធិបតេយ្យភាពរបស់ខ្លួន បង្កឲ្យមានការខឹងសម្បារនៅទីក្រុងតៃប៉ិ និងក្តីព្រួយបារម្ភនៅក្នុង ទីក្រុងវ៉ាស៊ីនតោន។

លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យ កិច្ចការតៃវ៉ាន់ បាននិយាយនៅក្នុងសន្និសីទ មួយយ៉ាងដូច្នេះថា “ប្រទេសចិនកំពុងតែមានបំណង ចង់ព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វះស្វែងធ្វើការបង្រួបបង្រួម តៃវ៉ាន់ឡើងវិញដោយសន្តិវិធី ប៉ុន្តែនឹងធ្វើចំណាត់ការ ប្រសិនបើបន្ទាត់ក្រហមណាមួយ ស្តីពីឯករាជ្យត្រូវបានឆ្លងកាត់”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Indian Express នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Ma Xiaoguang បានបន្តទៀតថា “ប្រសិនបើកម្លាំងបះបោរនៅតៃវ៉ាន់ ដែលស្វះស្វែងរកភាពឯករាជ្យមានការផ្ទុះឡើង មានការបញ្ចេញកម្លាំង ឬក៏បំពានបន្ទាត់ក្រហមណាមួយនោះ យើងនឹងចាត់វិធានការដ៏ខ្លាំងក្លា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top