ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក និងរុស្ស៊ី និយាយថា កំពុងតែសម្របសម្រួល លើកិច្ចពិភាក្សា នុយក្លេអ៊ែអ៊ីរ៉ង់ ក្នុងទីក្រុងវីយែន

បរទេស៖ប្រេសិតរុស្ស៊ីទទួលបន្ទុក កិច្ចពិភាក្សានុយក្លេអ៊ែ បាននិយាយនៅថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក និងរុស្ស៊ី ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានជួបគ្នា នៅក្នុងទីក្រុងវីយែន ហើយគណៈប្រតិភូ នៃប្រទេសទាំងពីរ បាននិយាយថា ទីក្រុងមូស្ គូនិងទីក្រុងវ៉ាស៊ីនតោន កំពុងតែសម្របសម្រួល ក្នុងគោលបំណង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ឡើងវិញ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីរុស្ស៊ី លោក Mikhail Ulyanov បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមធ្វីតធ័រថា លោកបានជួបគ្នាជាមួយប្រេសិតពិសេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley។

លោកបានសរសេរយ៉ាងដូច្នេះថា “ការប្រឹក្សាគ្នានិងសម្របសម្រួលដ៏ជិតស្និទ្ធ រវាងគណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងដំណើរនៃកិច្ចចរចា នៅក្នុងទីក្រុងវីយែន គឺជាលក្ខខណ្ឌចាំបាច់មុនដ៏សំខាន់ សម្រាប់ដំណើររីកចម្រើន ឆ្ពោះទៅរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង JCPOA”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង JCPOA ក្នុងឆ្នាំ២០១៥ បានលើកលែង ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ជាថ្នូរនឹងការដាក់កំហិត លើសកម្មភាពអាតូមិកអ៊ីរ៉ង់ ប៉ុន្តែលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនោះ នៅក្នុងឆ្នាំ២០១៨ ក្រោយមួយឆ្នាំ បន្ទាប់ពីលោកឡើង ជាប្រធានាធិបតី ហើយក្រោមមកអ៊ីរ៉ង់ បានបំពានបម្រាមនុយក្លេអ៊ែជាច្រើន របស់កិច្ចព្រមព្រៀង និងបន្តជំរុញអភិវឌ្ឍ ទៅមុខយ៉ាងខ្លាំងក្លា៕ ប្រែសម្រួល៖ប៉ាង កុង

To Top