ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រាប់លោក បៃដិន ៖ ទណ្ឌកម្មថ្មីអាចបំផ្លាញ ចំណងមិត្តភាព រុស្ស៊ី-អាមេរិក

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានព្រមានដល់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទថា ទណ្ឌកម្មថ្មីរបស់លោកខាងលិច លើទីក្រុងមូស្គូ អាចនឹងបំផ្លាញដល់ចំណង មិត្តភាពរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងជាកំហុសឆ្គងដ៏ធំមួយ ។

ប៉ុន្តែជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ី ពេញចិត្ត ចំពោះកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ ដែលលោកនិយាយថា ផ្តោតលើការធានាសន្តិសុខដែលទីក្រុងមូស្គូ ចង់បានពីបណ្ដាប្រទេសលោកខាងលិច ស្របពេលដែលមានការ ប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ។

តាមសេចក្តីរាយការណ៍ លោក Yuri Ushakov បានមានប្រសាសន៍ថា លោក បៃដិន ហាក់យល់ស្របថា ទីក្រុងមូស្គូត្រូវការការធានា បែបនេះជាចាំបាច់ និងហាក់មានភាពហ្មត់ចត់ស្តីពីកិច្ចចរចាគ្នា បើទោះជាការខ្វែងគំនិតគ្នា នៅតែមាន និងការគូសបង្ហាញពីការ សម្របសម្រួលដែលអាច កើតមាន រហូតមកទល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់ច្បាស់លាស់ក៏ដោយ ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានធ្វើឲ្យលោកខាងលិច មានក្តីព្រួយបារម្ភ ដោយការប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតព្រំដែនខ្លួនជាប់ នឹងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល២ខែកន្លងមក ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធថា គ្មានគម្រោងធ្វើការវាយប្រហារណាមួយ ទៅលើប្រទេសអ៊ុយក្រែននោះទេ និងនិយាយថា ខ្លួនមានសិទ្ធិចល័តកងទ័ពនៅលើទឹកដីខ្លួន តាមដែលមើលឃើញថា សាកសម ៕
ប្រែសម្រួល៖ប៉ាង កុង

To Top