ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសថៃ មានគម្រោងទិញយន្តហោះចម្បាំង F-35 ទំនើបបំផុត របស់អាមេរិកចំនួន ៨គ្រឿង, មួយគ្រឿងថ្លៃជាង ៨០លានដុល្លារ

បរទេស៖ អគ្គមេបញ្ជាការ របស់ប្រទេសថៃ គឺលោក Napadej Dhupatemiya បាននិយាយថា កងទ័ពអាកាសថៃ កំពុងសម្លឹងមើលការទិញយន្តហោះចម្បាំង បំបាំងកាយ F-35 ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រឿង ដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់ពិភពលោក ដើម្បីពង្រឹងការការពារជាតិ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Napadej ថា កងទ័ពអាកាស ត្រូវការកងយន្តហោះចម្បាំងថ្មី ខណៈដែលយន្តហោះចាស់ F-5 និង F-16 បានដំណើរការ អស់រយៈពេលជាងបីទសវត្សរ៍មកហើយ។ ដោយសារអាយុកាលយន្តហោះ ថ្លៃថែទាំ និងហានិភ័យសុវត្ថិភាព ទំនងជាកើនឡើង។

យន្តហោះចម្បាំង F-35 ផលិតដោយ ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin បានលេចចេញជាជម្រើសដ៏ល្អបំផុត នៅពេលនេះ ដែលតម្លៃទាប គឺធ្លាក់ចុះមកត្រឹម ៨២ លានដុល្លារអាមេរិក (២,៧ ពាន់លានបាត) ពី ១៤២ លានដុល្លារ នៅពេលម៉ូដែលដំបូងវាយលុកទីផ្សារ។

លោកបញ្ជាក់ថា អាស្រ័យលើការចរចា តម្លៃឯកតារបស់ F-35 អាចធ្លាក់ចុះមកនៅត្រឹមជាង ៧០ លានដុល្លារក្នុងមួយគ្រឿង៕ ប្រែសម្រួលៈ ណៃ តុលា 

To Top