ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបិទរ៉េអាក់ទ័រនុយក្លេអ៊ែ បើទោះជាមានវិបត្តិ ថាមពល

បរទេស៖ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ នឹងបិទរោងចក្រថាមពលនុយក្លេអ៊ែចំនួន៣កន្លែង នៅថ្ងៃសុក្រនេះ បើទោះជាអឺរ៉ុបប្រឈមមុខនឹងវិបត្តិថាមពល ដ៏ធ្ងន់ធ្ងរបំផុតមួយក៏ដោយ បន្ទាប់ពីមានកាលវិភាគរបស់លោកស្រី Angela Merkel សម្រាប់ការផ្អាកថាមពលអាតូមិក។

ស្របពេលតម្លៃថាមពល កើនឡើងស្រាប និងភាពតានតឹងកើនឡើងខ្លាំងមិនធ្លាប់មាន រវាងអឺរ៉ុប និងអ្នកផ្គត់ផ្គង់ឧស្ម័នសំខាន់ គឺប្រទេសរុស្ស៊ីនោះ ការបិទរោងចក្រថាមពលនុយក្លេអ៊ែ នៅក្នុងទីក្រុង Brokdorf ទីក្រុង Grohnde និងទីក្រុង Gundremmingen អាចនឹងរឹតត្បិតកាន់តែខ្លាំង។ 

ការបិទរ៉េអាក់ទ័រនេះ នឹងបន្ថយសមត្ថភាពនុយក្លេអ៊ែ ដែលកំពុងមានឲ្យនៅសល់ពាក់កណ្ដាល ក្នុងប្រទេសអាល្លឺម៉ង់ និងកាត់បន្ថយទិន្នផលថាមពលដល់ទៅ ប្រមាណ៤ជីហ្គាវ៉ាត់ គឺស្មើនឹងថាមពលផលិតដោយទួរប៊ីនខ្យល់ចំនួន១.០០០ នេះបើតាមការចេញផ្សាយ របស់កាសែត France 24។ 

យោងតាមលោក ជាសាស្ត្រាចារ្យ ផ្នែកគោលនយោបាយថាមពល នៅសាកលវិទ្យាល័យ Darmstadt University of Applied Sciences បានឲ្យដឹងថា ការបញ្ចប់ថាមពលនុយក្លេអ៊ែ នៅក្នុងប្រទេសអាល្លឺម៉ង់ ទំនងជានឹងជំរុញ តម្លៃឲ្យកើនឡើងខ្ពស់ បន្ថែមទៀតមិនធ្លាប់មាន៕ ប្រែសម្រួល៖ប៉ាង កុង

To Top