ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀង ជាមួយអាមេរិក បញ្ចប់សង្គ្រាមកូរ៉េ

បរទេស ៖ មន្ត្រីការទូត ជាន់ខ្ពស់កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីសេចក្តីប្រកាសព្រាង ដែលនឹងបញ្ចប់ជាផ្លូវការ នូវសង្គ្រាមកូរ៉េ ។

យោងតាមកាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Chung Eui-yong បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា ប្រទេសរបស់លោក និងសហរដ្ឋអាមេរិក បានចែករំលែកគ្នា ពីការយល់ឃើញរួចរាល់ហើយ ស្តីពីសារៈសំខាន់ នៃការបញ្ចប់សង្គ្រាម ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ចំពោះសេចក្តីប្រកាសបញ្ចប់សង្គ្រាម ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចែករំលែកគ្នារួចរាល់ហើយ នូវការយោគយល់ស្តីពីសារៈសំខាន់របស់វា ហើយភាគីទាំងពីរបានឈាន ដល់កិច្ចព្រមព្រៀង ប្រកបដោយប្រសិទ្ធភាព លើអត្ថបទព្រាង”។

គួរបញ្ជាក់ថា កាលពីក្នុងខែកញ្ញា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Thae Song បានមានប្រសាសន៍ថា ទីក្រុងព្យុងយ៉ាង នឹងមិនយល់ព្រម ចំពោះសេចក្តីប្រកាសផ្លូវការនោះឡើយ ប្រសិនបើសហរដ្ឋអាមេរិក មិនបញ្ឈប់គោលនយោបាយ អរិភាពរបស់ខ្លួន ចំពោះប្រទេសកូរ៉េខាងជើងនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top