ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ប្តេជ្ញាថា នឹងធ្វើឲ្យតួកគី ស្ថិតក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចធំបំផុតទាំង១០ នៅលើពិភពលោក នៅឆ្នាំ២០២៣

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី កាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញនូវគោលដៅឆ្នាំ២០២៣របស់រដ្ឋាភិបាលរបស់គាត់ ដើម្បីរួមបញ្ចូលប្រទេសតួកគី ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង១០ នៅលើពិភពលោក ។

នៅក្នុងសារដើម្បីអបអរឆ្នាំថ្មី មេដឹកនាំតួកគី បានថ្លែងថា តួកគី បាន “កត់សម្គាល់“ខ្លួនឯងជាវិជ្ជមានជាមួយនឹងការអនុវត្ត “ជោគជ័យ” របស់ខ្លួនក្នុងការប្រឈមមុខ នឹងវិបត្តិទាក់ទងនឹងសន្តិសុខ និងសុខភាព ព្រមទាំងបញ្ហាប្រឈមផ្នែកនយោបាយ និងសង្គម ។

លោក Erdogan បានថ្លែងទៀថា សេដ្ឋកិច្ចរបស់ប្រទេសនេះ បានចាប់ផ្តើមការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដែលជំរុញដោយការវិនិយោគ ការងារ ផលិតកម្ម ការនាំចេញជាដើម ។

លោកបានថ្លែងថា “គោលដៅឆ្នាំ២០២៣ ដែលកំពុងដាក់ប្រទេសតួកគី ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង ១០នៅលើពិភពលោក… គឺជាការសន្យារបស់យើង ចំពោះប្រទេសជាតិរបស់យើង” ។

សេដ្ឋកិច្ចរបស់ប្រទេសតួកគី បានមើលឃើញកំណើនដ៏រឹងមាំ នៅក្នុងឆ្នាំ២០២១ ខណៈដែលស្ថាប័នហិរញ្ញវត្ថុកំពុងព្យាករណ៍ពីកំណើន៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហៅកាត់ (GDP) របស់ប្រទេស ។ អតិផរណាខ្ពស់ និងអស្ថិរភាព Forex បានលុបលើកំណើន នៅឆ្នាំ២០២២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top