ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀង២ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រ និងយន្តហោះចាក់សាំង កណ្ដាលអាកាសអាមេរិក

បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីស្រាអែល ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីទិញឧទ្ធម្ភាគចក្រ CH-53K របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន១២គ្រឿង និងយន្តហោះចាក់សាំងកណ្ដាលអាកាស KC-46 របស់ក្រុមហ៊ុន ចំនួន២គ្រឿង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នោះ គឺជាផ្នែកនៃការធ្វើទំនើបកម្មលើសមត្ថភាពកងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែល និងរួមបញ្ចូលជម្រើសទិញឧទ្ធម្ភាគចក្រចំនួន៦គ្រឿងបន្ថែមទៀត។


សេចក្តីថ្លែងការណ៍ដដែលនោះនិយាយថា ក្រុមឧទ្ធម្ភាគចក្រេដំបូង នឹងត្រូវមកដល់អ៊ីស្រាអែល នៅក្នុងឆ្នាំ២០២៦ ហើយលោកឧត្តមសេនីយ៍ Shimon Tsentsiper ជាប្រធានភស្តុភារសម្រាប់កងទ័ពអាកាស បានប្រាប់វិទ្យុអ៊ីស្រាអែល Army Radio នៅថ្ងៃព្រហស្បតិ៍ថា យន្តហោះចាក់សាំងកណ្ដាលអាកាស ដែលបញ្ជាទិញនោះ នឹងមិនត្រូវបានបញ្ជូនមកឲ្យនៅមុនឆ្នាំ២០២៥នោះទេ។


លោកបានមានប្រសាសន៍បន្តទៀតថា ប្រទេសអ៊ីស្រាអែល នាពេលបច្ចុប្បន្ននេះ កំពុងតែព្យាយាមជំរុញសម្រាប់ការបញ្ជូនឲ្យនូវយន្តហោះ KC-46 នោះ ហើយជាចុងក្រោយ គឺចង់បានឲ្យគ្រប់ចំនួន៤គ្រឿង៕

ប្រែសម្រួល៖ប៉ាង កុង

To Top