ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសថា នឹងមិនឈរឱបដៃមើលនោះទេ បើរុស្ស៊ី បន្ដឈ្លានពានអ៊ុយក្រែន

ស៊ីអិនអិន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត” នេះបើយោងតាមការអានការអំពាវនាវរវាងមេដឹកនាំទាំងពីរ ដែលផ្តល់ដោយសេតវិមាន។

អ្នកទាំងពីរបានជួបជជែកគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក បៃដិន បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក ពូទីន បន្ធូរបន្ថយវិបត្តិយោធា ដែលមិនចេះរីងស្ងួតនៅតាមព្រំដែនអ៊ុយក្រែន និងមុនពេលមន្ត្រីរុស្ស៊ី និងអាមេរិក គ្រោងជួបគ្នាដោយផ្ទាល់នៅទីក្រុងហ្សឺណែវ នៅចុងខែនេះ។

លោក Zelensky បានឲ្យដឹងនៅក្នុងសាររបស់លោកកាលពីល្ងាចថ្ងៃអាទិត្យថា ការហៅទូរសព្ទជាមួយលោក បៃដិន បានគូសបញ្ជាក់ពី “លក្ខណៈពិសេសនៃទំនាក់ទំនងរបស់យើង”។ លោកបានបន្ថែមថា “សកម្មភាពរួមគ្នារបស់អ៊ុយក្រែន សហរដ្ឋអាមេរិក និងដៃគូនានាក្នុងការរក្សាសន្តិភាពនៅអឺរ៉ុប ការទប់ស្កាត់ការកើនឡើងបន្ថែមទៀត កំណែទម្រង់ ការធ្វើវិសោធនកម្មត្រូវបានពិភាក្សា” ។

ផ្ទាំងពាណិជ្ជកម្ម

ទាហានរុស្ស៊ី ១០ម៉ឺននាក់នៅតែប្រមូលផ្តុំនៅព្រំដែនអ៊ុយក្រែន បើទោះបីជាមានការព្រមានពីលោក បៃដិន និងមេដឹកនាំអឺរ៉ុប អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោក ពូទីន ឈានទៅមុខជាមួយនឹងការលុកលុយ។ ហើយការរកឃើញចារកម្មរបស់អាមេរិក បាន ប៉ាន់ស្មានថា រុស្ស៊ី អាចចាប់ផ្តើមការវាយលុកផ្នែកយោធានៅក្នុងប្រទេសអ៊ុយក្រែន “នៅ ដើមឆ្នាំ២០២២”។

លោក បៃដិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា លោកបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការអំពាវនាវរបស់លោកជាមួយលោក ពូទីន ថានឹងមាន “តម្លៃធ្ងន់ដែលត្រូវបង់” ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងគំរាមកំហែងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ។

នៅក្នុងនោះដែរ ជំនួយការរបស់វិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន បានប្រាប់លោក បៃដិន វិញថា ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី នឹងស្មើនឹង “កំហុសដ៏ធំ” ដែលអាចនាំទៅដល់ការបែកបាក់ទាំងស្រុងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

To Top
×