ព័ត៌មានអន្តរជាតិ

កម្មវិធីមីស៊ីលអ៊ីរ៉ង់ ជាបញ្ហាប្រឈម ចំពោះផែនការយោធាអាមេរិក ក្នុងតំបន់

តេអេរ៉ង់៖ បណ្តាញព័ត៌មាន Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា អ្នកជំនាញនយោបាយអាមេរិកម្នាក់បានលើកឡើងថា វឌ្ឍនភាពនៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ បានបង្កបញ្ហាប្រឈម ចំពោះផែនការយោធាក្នុងតំបន់របស់សហរដ្ឋអាមេរិក។

លោក Andrew Korybko ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Press TV ដែលបានលើកឡើងថា កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ បានផ្លាស់ប្តូរការគណនាយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ដោយការស្តារតុល្យភាពពិតប្រាកដនៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោកបានពន្យល់ថា “សហរដ្ឋអាមេរិក បារម្ភថាអ៊ីរ៉ង់ កំពុងធ្វើឱ្យខូចដល់តុល្យភាពអំណាចក្នុងតំបន់ ដែលបង្ខំដោយអាមេរិករហូតមកដល់ពេលនេះ ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវបានគេសន្មត់ថា មានផលប្រយោជន៍ខាងយោធាយ៉ាងច្បាស់លាស់លើទីក្រុងតេអេរ៉ង់” ។

កាលពីសប្តាហ៍មុន កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅតាមបណ្តោយឆ្នេរភាគខាងត្បូងនៃប្រទេស ដែល IRGC បានបាញ់មីស៊ីលផ្លោងពីដីទៅដីចំនួន ១៦គ្រាប់ ដែលយោងទៅតាមមេបញ្ជាការរបស់ខ្លួន បានបញ្ជូនសញ្ញាព្រមានដល់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕

ដោយ ឈូក បូរ៉ា

To Top