ព័ត៌មានអន្តរជាតិ

យន្តហោះគ្មាន មនុស្សបើកចំនួន ២គ្រឿង ត្រូវបានគេបាញ់ទម្លាក់ នៅក្នុងទឹកដីអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ប្រភពមួយចេញសន្តិសុខបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ដែលជាយន្តហោះវាយប្រហារ នៅថ្ងៃចន្ទនេះ នៅឯមូលដ្ឋានយោធានៅជិត អាកាសយានដ្ឋានអន្តរជាតិបាដាដ ហើយត្រូវបានគេបាញ់ទម្លាក់ ។

ប្រភពបានប្រាប់ស៊ិនហួ ក្នុងលក្ខខណ្ឌអនាមិកថា ការវាយប្រហារនេះបានកើតឡើង នៅពេលព្រឹកព្រលឹម នៅគ្រាដែលយន្តហោះគ្មានមនុស្សបើក បានវាយប្រហារមូលដ្ឋានអ៊ីរ៉ាក់ ដែលគេស្គាល់ថា Camp Victory ដែលជាកន្លែងស្នាក់នៅរបស់អ្នកជំនាញ និងទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ C-RAM ដែលការពារទីតាំងនោះ។

ប្រភពបានឲ្យដឹងទៀតថា មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ ហើយកងកម្លាំងសន្តិសុខបាន បើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ការវាយប្រហារនេះបានកើតឡើង នៅក្នុងខួបលើកទី២ នៃការវាយប្រហារដ៏សាហាវ ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក នៅលើក្បួននៅជិត អាកាសយានដ្ឋានអន្តរជាតិបាដាដ ដែលបានសម្លាប់លោក Qassem Soleimani អតីតមេបញ្ជាការកងកំលាំង Quds នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងលោក Abu Mahdi al-Muhandis អតីតអនុប្រធានកងកម្លាំងប្រដាប់អាវុធ Hashd Shaabi របស់អ៊ីរ៉ាក់ ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ត្រឹមតែ២ថ្ងៃបន្ទាប់ពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក សភាអ៊ីរ៉ាក់បានអនុម័ត សេចក្តីសម្រេចដែលតម្រូវឱ្យ រដ្ឋាភិបាលបញ្ចប់វត្តមានរបស់ កងកម្លាំងបរទេសនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top