វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានពង្រីកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ស ម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ Pfizer-BioNTech ដល់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ខណៈដែលសាលារៀនបានបើកឡើងវិញ ចំពេលមានការកើនឡើងនៃរដូវរងានៃការឆ្លងថ្មី ដែលជំរុញដោយទម្រង់ឆ្លងអូមីក្រុង ។
FDA ក៏បានកាត់បន្ថយពេលវេលា សម្រាប់ការចាក់ថ្នាំបង្ការរោគពីយ៉ាងហោចណាស់ ៦ខែបន្ទាប់ពីការបញ្ចប់នៃស៊េរីដំបូងទៅយ៉ាងហោចណាស់ ៥ខែសម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។
ការសម្រេចចិត្តនេះ គឺផ្អែកលើការត្រួតពិនិត្យរបស់ FDA លើទិន្នន័យពិភពពិតពីប្រទេសអ៊ីស្រាអែល រួមទាំងទិន្នន័យសុវត្ថិភាពពីមនុស្សជាង ៦៣០០ នាក់ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ដែលបានទទួលកម្រិតថ្នាំបង្ការយ៉ាងហោចណាស់ ៥ខែបន្ទាប់ពីការបញ្ចប់ការចាក់វ៉ាក់សាំងពីរកម្រិតដំបូង។
ទីភ្នាក់ងារបានកំណត់ថា អត្ថប្រយោជន៍សុខភាពការពារនៃកម្រិតដូសជំរុញតែមួយនៃវ៉ាក់សាំង Pfizer-BioNTech ដើម្បីផ្តល់ការការពារបន្តប្រឆាំងនឹងជំងឺកូវីដ-១៩ និងផលវិបាកធ្ងន់ធ្ងរដែលពាក់ព័ន្ធមានលើសពីហានិភ័យ ដែលអាចកើតមានចំពោះបុគ្គលដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ខ្លួនបានរកឃើញថា “មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពថ្មី” បន្ទាប់ពីការចាក់ដូសជំរុញដល់ក្មេងជំទង់ ហើយថាមិនមានរបាយការណ៍ថ្មីនៃការរលាកបេះដូងពីរប្រភេទដែលហៅថា myocarditis ឬជំងឺរលាកស្រោមបេះដូង ដែលទាក់ទងទៅនឹងដូសជំរុញនោះទេ៕
ដោយ ឈូក បូរ៉ា
